នាយករដ្ឋមន្ត្រីជប៉ុនបានថ្កោលទោសយ៉ាងខ្លាំងដល់ការបាញ់មីស៊ីល ជាថ្មីរបស់កូរ៉េខាងជើង ដោយចាត់ទុកថានោះជាសកម្មភាពបំពានច្បាប់របស់អង្គការសហប្រជាជាតិ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅថ្ងៃទី២ ខែតុលា បានប្រកាសថាកូរ៉េខាងជើង ទើបតែបាញ់មីស៊ីល ពីរគ្រាប់ហើយបានធ្លាក់ចូលដែនសមុទ្ររបស់ជប៉ុន ។ កម្លំាងទាហានអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង ក៏បានប្រកាសផងដែរថា ទទួលបានព័ត៌មានស្តីពីការបាញ់មីស៊ីលជាថ្មី របស់កូរ៉េខាងជើង ហើយបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ព្រមទាំងសហការចែករំលែកព័ត៌មានជាមួយប្រទេសជាដៃគូក្នុងតំបន់។
ជាមួយគ្នានេះដែរ កម្លាំងយោធារបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលយ៉ាងតិចមួយគ្រាប់នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ក្នុងអ្វីដែលហាក់ដូចជាការបង្ហាញពីសមត្ថភាពយោធារបស់កូរ៉េខាងជើងកំពុងត្រូវបានពង្រីក នៅមុនពេលចាប់ផ្តើមចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនោះ ។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ មិនបានបញ្ជាក់នោះទេថា តើមីស៊ីលប្រភេទអ្វី ឬក៏រយៈចម្ងាយរបស់មីស៊ីលនោះដែលហោះហើរបានក្នុងកម្រិតណា ហើយធ្លាក់នៅទីកន្លែងណានោះ ។
សូមបញ្ជាក់ថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងថ្មីៗបំផុតនេះ បានកើតឡើង ក្រោយពីអ្នកការទូតកូរ៉េខាងជើង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩បានប្រកាសថា កូរ៉េខាងជើង ហើយនិងសហរដ្ឋអាមេរិកបានយល់ព្រមបន្តកិច្ចចរចានុយក្លេអ៊ែរកម្រិតការងារនៅចុងសប្តាហ៍នេះ (ថ្ងៃទី៥ ខែតុលា) ។
កិច្ចចរចានុយក្លេអ៊ែរបានជាប់គាំងអស់រយៈពេលជាច្រើនខែ ក្រោយពីកិច្ចពិភាក្សាបរាជ័យកាលពីខែកុម្ភៈ ឆ្នាំ២០១៩ រវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងមេដឹកនាំអាមេរិកដូណាល់ ត្រាំ ដោយសារតែការខ្វែងគំនិតគ្នាលើបញ្ហាកាត់បន្ថយទណ្ឌកម្ម និងការរំសាយអាវុធនុយក្លេអ៊ែរ ៕