នៅថ្ងៃទី១ ខែតុលា ចិនបានដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រនាឱកាសនៃទីវាជាតិលើកទី៧០ឆ្នាំ ។ ពិធិសង្ហែក្បួន យោធាមានរយៈពេល៨០នាទី ដោយមានការចូលរួមពីកម្លាំងទាហាន ជាង១១៥ពាន់នាក់ ។ ក្រៅពីនេះនៅមានយន្តហោះចម្បាំង១៦០គ្រឿង អាវុធ៥៨០ប្រភេទទំនើបៗ។
ឧត្តមសេនីយ៍Tan Min អនុប្រធានគណៈកម្មការរៀបចំដង្ហែក្បួនព្យុហយាត្រាបានឲ្យដឹងថា សព្វាវុធទាំងអស់ដែលបានបង្ហាញក្នុងពិធីព្យុហយាត្រានេះគឺបានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ព ផលិតដោយបច្ចេកវិទ្យាចិនផ្ទាល់។
សារព័ត៌មាន Bloomberg បានផ្សាយថា នៅក្នុងពិធីដង្ហែក្បួន កាលពីថ្ងៃទី១ខែតុលា ជាទិវាដ៏ពិសេសសម្រាប់ចិន និងការដឹកនាំរបស់ ប្រធានាធិបតី ស៊ី ជីនពីង ដោយនេះជាខួបគម្រប់៧០ឆ្នាំនៃការកាន់អំណាចដឹកនាំរបស់ បក្សកម្មុយនិស្តចិន ។
ការដង្ហែក្បួនយោធាលើកនេះ គឺចង់បង្ហាញឲ្យពិភពលោកបានដឹកពីកម្លាំងពិតប្រាកដរបស់ចិន ដែលទទួលបាននាពេលកន្លងមក។ ចិនកំពុងតែឆ្ពោះទៅកាន់មហាអំណាចពិភពលោក ហើយបច្ចុប្បន្នចិនបានដើរតួនាទីយ៉ាងសំខាន់នៅលើពិភពលោក ទាំង សេដ្ឋកិច្ចយោធា និងនយោបាយ។
អ្វីជាការកត់សម្គាល់ ខួបគម្រប់ ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនឆ្នាំនេះបានធ្វើឡើង ក្នុងពេលដែលចិនកំពុងមានជម្លោះពាណិជ្ជកម្មជាមួយអាមេរិក សេដ្ឋកិច្ចថមថយ និងការបន្តក្បួនបាតុកម្មរបស់ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យនៅហុងកុង។
មានចំណាប់អារម្មណ៍ពីរសំខាន់នៅក្នុងពិធីប្រារព្ធខួបគម្រប់ ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ទី១ ជាឱកាសដែលចិនចង់បង្ហាញប្រាប់ពិភពលោកនូវមហិទ្ធិឫទ្ធិ ឬភាពជាមហាអំណាចរបស់ខ្លួនដែលមិនត្រូវមើលស្រាល និងទី២ គឺជាឱកាសសម្រាប់គណបក្សកុម្មុយនិស្តចិនដើម្បីបញ្ជាក់ពីការការសោយរាជ្យរបស់ខ្លួនជាមួយនឹងសមិទ្ធិផលដែលថ្នាក់ដឹកនាំសម្រេចបាន។ ក្បួនព្យុះហយាត្រាយោធាចូលរួមដោយទាហានចំនួន ១៥ ០០០នាក់ រថក្រោះចំនួន ៥៨០គ្រឿង គ្រាប់មីស៊ីលបាលីស្ទិក ឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងជាច្រើនគ្រឿង។ គ្រាប់មីស៊ីល Made in China ជាមួយនឹងបច្ចេកវិទ្យាចិន ១០០% និងដែលចិនទើបបានបង្ហាញជាលើកទី១ គឺគ្រាប់មីស៊ីលនុយក្លេអ៊ែរអន្តរទ្វីបឈ្មោះ DF-៤១។
គ្រាប់មីស៊ីល DF-៤១ អាចបំពាក់ក្បាលនុយក្លេអ៊ែរចំនួន ១០គ្រាប់ និងអាចបាញ់បានចម្ងាយដល់ទៅ ១៤ ០០០គីឡូម៉ែត្រ ពោលបាញ់ទៅដល់ទឹកដីអាមេរិកាំង។ ក្រៅពីគ្រាប់មីស៊ីលថ្មី ចិនក៏បានបង្ហាញនូវគ្រឿងសព្វាវុធផ្សេងៗទៀត ដូចយ៉ាងអាវុធសម្រាប់ប្រឆាំងតបនឹងប្រព័ន្ធប្រឆាំងមីស៊ីលរបស់សត្រូវ ឬមួយក៏យន្តហោះដ្រូនជាដើម។ « គ្មានអ្វីដែលអាចធ្វើឲ្យរង្គោះរង្គើរគ្រឹះនៃមហាប្រជាជាតិរបស់យើងបានឡើយ។ គ្មានអ្វីដែលអាចរារាំងប្រជាជាតិ និងប្រជាជនរបស់យើងឲ្យធ្វើដំណើរឆ្ពោះទៅមុខបានឡើយ » នេះជាការថ្លែងរបស់ប្រធានាធិបតីចិនលោកស៊ី ជីនពីងដែលមានសំលៀកបំពាក់ពណ៌ក្រម៉ៅក្នុងពេលប្រកាសផ្តើមក្បួនព្យុះហយាត្រា។
គួររម្លឹកថា គឺនៅលើទីលានធានអានមេនក្នុងទីក្រុងប៉េកាំងដដែលនេះដែលអតីតមេដឹកនាំចិនលោកម៉ៅ សេទុងបានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី១ តុលា ឆ្នាំ ១៩៤៩។ គឺនៅកន្លែងដដែលនេះដែលមានការវាយបង្រ្កាបយ៉ាងហិង្សាលើក្រុមបាតុករសិស្ស និស្សិតចិនដែលទាមទារលទ្ធិប្រជាធិបតេយ្យកាលពី ៣០ឆ្នាំមុន។
ក្នុងរយៈពេល៧០ឆ្នាំ ក្រោយបង្កើតសាធារណរដ្ឋប្រជាមានិតចិន ពេលនេះចិនកំពុងតែធ្វើដំណើរឆ្ពោះទៅមុខ ក្លាយទៅជាមហាអំណាចទីមួយលើពិភពលោក ជំនួសតំណែងអាមេរិក ក្នុងពេលឆាប់ៗខាងមុខ
នេះជាសុបិន្ត និងការចង់បានរបស់ប្រធានាធិបតីចិនលោកស៊ី ជីនពីង។ តែអ្វីដែលគ្រប់គ្នាកំពុងសម្លឹងឃើញភ្លាមៗពេលនេះ គឺការដែលលោកស៊ី ជីនពីងសម្រេចបានជោគជ័យក្នុងការពង្រឹងអំណាចផ្ទាល់ខ្លួនជាប្រធានាធិបតីអស់មួយជីវិត និងដែលត្រូវបានគេចាត់ទុកជាប្រធានាធិបតីដ៏មានអំណាចខ្លាំងជាងប្រធានាធិបតីមុនៗទៀតផង គិតតាំងពីក្រោយការសោយរាជ្យរបស់លោកម៉ៅ សេទុងពីឆ្នាំ ១៩៤៩ ដល់ឆ្នាំ ១៩៧៦។ ទន្ទឹមនឹងពង្រឹងអំណាចផ្ទាល់ខ្លួន លោកស៊ីក៏បានពង្រឹងអំណាចគណបក្សកម្មុយនិស្តចិន តាំងពីលោកឡើងកាន់អំណាចនាដំណាច់ឆ្នាំ ២០១២។ បន្ទាប់ពីក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងលោក ចិនកំពុងសម្លឹងកន្លែងអាមេរិកជាមហាអំណាចទី១ ក្នុងលោក។
គួរបញ្ជាក់ថា ជាប្រទេសកុម្មុយនិស្តក្រហមឆ្អិនឆ្អៅមែន តែចិនបានប្រកាន់យកនូវនយោបាយសេដ្ឋកិច្ចមូលធននិយម ពោលមិនមែនសេដ្ឋកិច្ចផែនការតាមបែបសង្គមនិយមទេ។ ចិនជាប្រទេសទំនើបទាន់សម័យមិនចាញ់បស្ចិមលោកទាំងក្នុងផ្នែកយោធា អវកាស និងបច្ចេកវិទ្យា។ តែទោះជាយ៉ាងនេះក្តី នៅមានបញ្ហាប្រឈមជាច្រើនដែលចិនត្រូវដោះស្រាយ ទាំងនៅផ្ទៃក្នុង និងនៅអន្តរជាតិ។ កំណើនសេដ្ឋកិច្ចថមថយ និងគម្លាតរវាងអ្នកមាន និងអ្នកក្រជាប្រធានរឿងអាទិភាពពីរដែលរដ្ឋាភិបាលត្រូវដោះស្រាយជាបន្ទាន់។ ចំណែកនៅអន្តរជាតិដែលចិនត្រូវដោះស្រាយ និងពិនិត្យមើលឡើងវិញនៅចំពោះមុខ គឺជម្លោះពាណិជ្ជកម្មជាមួយអាមេរិក និងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយដែលចិនកំពុងទទួលរងការរិះគន់ខ្លាំងពីប្រទេសពាក់ព័ន្ធមួយចំនួន៕