ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន ក្រោយដើរផឹកស៊ីស្រវឹង មកដល់ផ្ទះវាយធ្វើបាបប្រពន្ធ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា បើតាមការអះអាងរបស់ប្រពន្ធ ឈ្មោះ ហេម សាមុយ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានបំភ្លឺថា ជនសង្ស័យដែលជាប្តីរបស់ខ្លួននោះ តាំងពីបានគ្នាជាប្តីប្រពន្ធកាលណាមិនដែលចេញទៅរកស៊ីដូចប្តីគេឡើយ ចេះតែផ្គុំក្បាលមិត្តភ័ក្ដិផឹកស្រវឹងរាល់ថ្ងៃ លុះមកដល់ផ្ទះមានកំហឹងដាក់ប្រពន្ធវាយធ្វើបាបគ្មានត្រាប្រណី ដោយស៊ូទ្រាំនឹងការធ្វើបាបនេះតទៅទៀតមិនបាន ក៏ប្តឹងអាវុធហត្ថតែម្ដង។
ក្រោយទទួលបានពាក្យបណ្តឹងហើយ កម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបានមាន ឈ្មោះ ស៊ុន សំអូន ភេទប្រុស អាយុ៣៥ឆ្នាំ។ ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានផឹកស្រាស្រវឹងរាល់ថ្ងៃ វាយធ្វើបាបប្រពន្ធពិតប្រាកដមែន ក្រោយពីសាកសួរហើយ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕សំ វិច្ឆិកា