ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញ ឆ្មក់បង្ក្រាបទីតាំងលួចបើកបនល្បែងស៊ីសងខុសច្បាប់១កន្លែង ដកហូតទូហ្គេមចំនួន២១ទូ

ចែករំលែក៖

ភ្នំពេញ៖ ទូហ្គេមខុសច្បាប់ចំនួន២១ទូ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ឆ្មក់បង្ក្រាបបន្ទាប់ពីស្រាវជ្រាវដឹងថាទីតាំងមួយកន្លែងលួចបើកបនល្បែងស៊ីសងខុសច្បាប់ ប៉ុន្តែមិនមានការឃាត់ខ្លួនមនុស្សនោះទេ ។

ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ដោយយោងតាមការបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យលោក យស់ យុទ្ធី អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះបង្ក្រាបការលបលួចបើកបនល្បែងស៊ីសងខុសច្បាប់០១កន្លែង ដែលមានទីតាំងនៅផ្ទះលេខ៣៣ ផ្លូវលេខ៥១ ភូមិ១៧ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ស៊ី

លោក យស់ យុទ្ធី អភិបាលរងខណ្ឌ បានឲ្យដឹងថា ក្រោយពីកម្លាំងចុះត្រួតពិនិត្យជាក់ស្ដែងរួចមកឃើញថា៖ មានទូហ្គេមបាញ់ត្រីចំនួន០៦ទូ, រ៉ូឡែត(តូច)ចំនួន០៧ទូ, ទូហ្គេមបៀរចំនួន៥ទូ និងទូហ្គេមបាញ់សត្វចំនួន០៣ទូ ជាប្រភេទទូបែបល្បែងស៊ីសង ។ ដោយក្រុមការងារក៏បានដកហូតទូសរុបចំនួន២១ទូ និងកៅអីចំនួន១០ យកទៅរក្សាទុនៅសាលាខណ្ឌដូនពេញ ។

ដោយឡែកចំពោះទូហ្គេមប្រភេទក្មេងលេងចំនួន២៣ទូទៀត និងសំភារៈមានតម្លៃផ្សេងៗមួយចំនួនទៀត ដែលមិនពាក់ព័ន្ធទៅនឹងប្រភេទល្បែងស៊ីសង ក្រុមការងារចំរុះខណ្ឌ មិនបានដកហូតនោះទេ ដោយបានចាក់សោ និងឃ្លុំបេរក្សាទុកនៅទីតាំងខាងលើនេះ និងបានប្រគល់ជូនគណៈ:បញ្ជាការឯកភាពរដ្ឋបាលសង្កាត់ផ្សារថ្មីទី៣ ជាអ្នកទទួលខុសត្រូវ ។

ក្រោយប្រតិបត្តិការរួច ចំពោះម្ចាស់ទីតាំងខាងលើនេះ ក្រុមការងារចំរុះខណ្ឌកំពុងស្រាវជ្រាវ ដើម្បីចាត់វិធានការតាមច្បាប់ជាបន្តទៀត ៕ស តារា


ចែករំលែក៖