ព័ត៌មានទាន់ហេតុការណ៍៖

មិនចេះរកស៊ីផឹកស៊ីស្រវឹងវាយប្រពន្ធ ត្រូវប្រពន្ធប្តឹងចាប់ដាក់គុក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន​ ក្រោយ​ដើរ​ផឹកស៊ី​ស្រវឹង​ មកដល់​ផ្ទះ​វាយ​ធ្វើបាប​ប្រពន្ធ​ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៩ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក យ៉ាន់​ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា​ បើតាម​ការ​អះអាងរ​បស់​ប្រពន្ធ ​ឈ្មោះ ហេម សាមុយ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ បាន​បំភ្លឺ​ថា​ ជនសង្ស័យ​ដែលជា​ប្តី​របស់ខ្លួន​នោះ ​តាំងពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​កាលណា​មិនដែល​ចេញទៅ​រកស៊ី​ដូច​ប្តី​គេ​ឡើយ ​ចេះតែ​ផ្គុំ​ក្បាល​មិត្តភ័ក្ដិ​ផឹក​ស្រវឹង​រាល់ថ្ងៃ​ លុះ​មកដល់​ផ្ទះ​មាន​កំហឹង​ដាក់​ប្រពន្ធ​វាយ​ធ្វើបាប​គ្មាន​ត្រា​ប្រណី​ ដោយ​ស៊ូទ្រាំ​នឹង​ការធ្វើ​បាប​នេះ​តទៅទៀត​មិនបាន​ ក៏​ប្តឹង​អាវុធហត្ថ​តែម្ដង​។​

ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ហើយ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ បាន​ចុះ​ធ្វើការ​ស្រាវ​ជ្រាវ​រហូតដល់​ឃាត់ខ្លួន​បាន​មាន ឈ្មោះ ស៊ុន សំ​អូន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​។ ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាពថា ​ខ្លួន​ពិតជា​បាន​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ​វាយ​ធ្វើ​បាប​ប្រពន្ធ​ពិតប្រាកដ​មែន ក្រោយពី​សាកសួរ​ហើយ​ ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់៕​សំ វិច្ឆិកា


ចែករំលែក៖