អាមេរិក និងអឺរ៉ុប អាចប្រឈមនឹងការបែកបាក់ដោយសារតែ ការដំឡើងពន្ធដាក់គ្នាដោយគ្មានការយលយោគជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រយូឆ្នាំហើយក្តី។ គម្រោងដំឡើងពន្ធទៅលើ អឺរ៉ុប របស់លោកត្រាំ ជាសញ្ញាអវិជ្ជមាន ខណៈដែលអឺរ៉ុបកំពុងតែងាកចេញពីឥទ្ធិពលរបស់អាមេរិក។
ពេលថ្មីៗនេះ អង្គការពាណិជ្ជកម្មពិភពលោក WTO កាលពីថ្ងៃទី២ ខែតុលា បាន បើកភ្លើងខៀវឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដំឡើងពន្ធលើទំនិញនាំចូលពីអឺរ៉ុបមានតម្លៃ៧,៥ ពាន់លានដុល្លារ ដើម្បីជាការសងសឹកដល់ អឺរ៉ុប ដែលបានឧបត្ថម្ភទុនដល់ក្រុមហ៊ុនផលិតយន្តហោះ Airbus ដោយខុសច្បាប់។
យោងតាមបញ្ជីបជាឋមរបស់អ្នកតំណាងពាណិជ្ជកម្មអាមេរិក ផលិតផលដែលត្រូវបានដំឡើងពន្ធរួមមានយន្ដហោះ Airbus ឧទ្ធម្ភាគចក្រ ស្រា កាបូប និងឈីស។ ប៉ុន្តែមុនពេលអាមេរិក ដំឡើងពន្ធ ស្ថាប័នដោះស្រាយវិវាទ របស់អង្គការWTO នឹងត្រូវឆ្លងកាត់ការសម្រេចពីក្រុមអាជ្ញាកណ្តាល គឺត្រូវចំណាយពេលពី១០ថ្ងៃ ទៅ៣០ថ្ងៃ ។
មុននេះនៅឆ្នាំ ២០០៤ ទីក្រុងវ៉ាស៊ីនតោនបានស្នើសុំដល់អង្គការពាណិជ្ជកម្មពិភពលោកសម្រាប់ការអនុញ្ញាតឱ្យយកពន្ធរហូតដល់ ១១,២ ពាន់លានដុល្លារលើទំនិញរបស់សហភាពអ៊ឺរ៉ុប ដោយចោទប្រកាន់ ថាសហភាពអឺរ៉ុបបានឧបត្ថម្ភធនក្រុមហ៊ុន Airbus ដោយខុសច្បាប់។ គេមិនទាន់ដឹងច្បាស់ថា តើអ្នកតំណាងពាណិជ្ជកម្មអាមេរិកនឹងបិទបញ្ជីផលិតផលដែលត្រូវដំឡើងពន្ធ បន្ទាបពីអង្គការពាណិជ្ជកម្មពិភពលោកយល់ព្រមឲ្យដំឡើងត្រឹមតែ ៧,៥ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះដែរទីក្រុងព្រុចសែលក៏បានស្នើឱ្យអង្គការពាណិជ្ជកម្មពិភពលោកដាក់ពន្ធលើទំនិញអាមេរិកប្រមាណ ១០ ពាន់លានដុល្លាផងដែរ។
កាលពីដើមឆ្នាំ២០១៩ មន្ត្រីពាណិជ្ជកម្មអាមេរិក បានសម្រេចដំឡើងពន្ធលើទំនិញអឺរ៉ុប មានតម្លៃ២៥ពាន់លានដុល្លារ ក្នុងនោះមានស្រា និងទំនិញប្រណិតៗ។ នៅពេលនេះដែរ អង្គការ WTO នឹងចេញសេចក្តីសម្រេចចុងក្រោយ ស្តីពីការសិទ្ធិដំឡើងពន្ធអឺរ៉ុបនៅឆ្នាំ២០២០ ពាក់ព័ន្ធនិង ការឧបត្ថមទុនដល់ក្រុមហ៊ុន ប៊ូអ៊ីង ៕