ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ពលរដ្ឋសង្កាត់ព្រៃវែងប្រតិកម្មរឿងលក់ដីរួមបានជាង​១០លាន​អត់ចែកគ្នា

ចែករំលែក៖

ប្រជាពលរដ្ឋ​រស់នៅភូមិព្រៃវែង​ខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាង១០០គ្រួសារ​កំពុងជ្រួល​នៅគ្រាដែលអាជ្ញាធរសង្កាត់​ និងភូមិ ឃុបឃិតគ្នាជាមួយថ្នាក់លើ​លក់ដីរួម​របស់សហគមន៍ខាងលើទំហំជិត​២០ហិកតា ក្នុងមួយម៉ែត្រការ៉េ​តម្លៃ២០ដុល្លារ បានលុយ​ច្រើនជាង​១០លានដុល្លារ ប៉ុន្តែព្យាយាមបិទបាំង​ហើយចែករំលែក​ឲ្យតែអ្នកជិតស្និទ្ធ និងគ្នីគ្នាពួកគេតែប៉ុណ្ណោះ ។ អ្នកភូមិព្រមានថា នឹងផ្ទុះការតវ៉ាដល់ភូមិគ្រឹះសម្តេចនាយក​រដ្ឋ​មន្ត្រី ប្រសិនបើ​អាជ្ញាធរ​ថ្នាក់ក្រោម​នៅតែស៊ុមគ្រលុំគ្នា​បែបនេះ ។

គេនិយាយថា អាជ្ញាធរថ្នាក់សង្កាត់​បានចែករំលែក​ពីការលក់​ដីរួមនេះ​ទៅគ្រួសារខ្លះ បាន​៥ពាន់ដុល្លារ និងខ្លះ​ដល់១ម៉ឺនដុល្លារ ។ ការបែងចែកនេះ សម្តៅចំពោះគ្រួសារណាដែលគេមើលឃើញថា ជាអ្នកខ្លាំង​អាចនឹងផ្ទុះការតវ៉ា​ ឬបង្ក​ឲ្យមានបញ្ហា​។ ចំពោះប្រជាពលរដ្ឋ​ស្លូតត្រង់ដទៃ មិនត្រូវបានគេ​ចែករំលែក​លុយពីការលក់ដីរួមនេះ​ឲ្យទេ ។ ប្រភពរាយការណ៍ថា អាជ្ញាធរសង្កាត់ព្រៃវែង​ជាអ្នកដើរតួនាទីយ៉ាងសំខាន់​ក្នុងករណីលក់ដីរួម​របស់អ្នកភូមិព្រៃវែងខាងកើតនេះ ។ ដីនេះ​ត្រូវគេអះអាងថា ជាដីរួម​ដែលសល់ពីការបែងចែកជូនប្រជាពលរដ្ឋ​ជាយូរឆ្នាំមកហើយ​នោះ ។

ប្រជាពលរដ្ឋដែលមិនទទួលបានលាភសក្ការព្រមានពីការបះបោរ ប្រឆាំងចំពោះការលក់ដីនេះ ហើយថា បើមិនដូច្នោះទេ ប្រជាពលរដ្ឋសុំ​ឲ្យបែងចែកដីនោះ ទៅ​អ្នកភូមិដើម្បីកាន់កាប់ជាឯកជនវិញ ។ គេមិនដឹងថា​តើថ្នាក់ដឹកនាំ​ខណ្ឌដង្កោ ក៏ដូចជាសាលារាជធានីភ្នំពេញ​បានជ្រាប​អំពីព័ត៌មានខាងលើនេះដែរឬយ៉ាងណានោះទេ? ប៉ុន្តែរឿងផលប្រយោជន៍ តម្លៃរាប់លានដុល្លារ បើឆ្លើយថា មិនដឹង ដូចជាមិនសមដែរ ។ យ៉ាងណាក៏ដោយ ក៏គួរតែដោះស្រាយបញ្ហានេះដើម្បី​ឲ្យអ្នកភូមិស្ងប់ចិត្តផង ៕


ចែករំលែក៖