ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីរាជការ​មន្ទីរកសិកម្មខេត្តកំពង់ស្ពឺព្រមានឈរកាន់បដា​តវ៉ារឿងលក់ដី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បើទោះបីមើលទៅដូចជាស្ងប់ស្ងាត់​រឿង​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ​លក់ដី​រដ្ឋ​ច្រើនកន្លែង​នោះ ប៉ុន្តែការពិត​មន្ត្រី​ដែលបម្រើការជាយូរឆ្នាំ​ជួបគ្នាតាមហាងកាហ្វេ​បានព្រមានថា ពួកគេអាចនឹងមានជម្រើសដូចពលរដ្ឋធម្មតា​ក្នុងការឈរកាន់បដា​តវ៉ា ។ មន្ត្រីរាជការ​និយាយថា ថ្នាក់ដឹកនាំមន្ទីរច្រើនជំនាន់គ្មាននរណាហ៊ានធ្វើយ៉ាងដូច្នេះទេ ទើបតែពេលនេះ​លោក ឈៀង​ តុលាឃុបឃិតជាមួយអនុប្រធានមន្ទីរម្នាក់ទៀត​ឈ្មោះ ពេជ្រ រៀបចំផែនការ​លក់ដីនេះ ។ មន្ត្រីរាជការទាំងនោះ​និយាយថា ដី​ដែលត្រូវលក់​មានតម្លៃរាប់សិប​លានដុល្លារ​ពួកគេចែកគ្នា​ ដោយអះអាងថា ក្រោមអំណាច សជណ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដូច្នេះពួកគាត់ ស្នើឲ្យប្រមុខរាជរដ្ឋាភិបាល ជាពិសេស​ក្រសួងកសិកម្មពិនិត្យរឿងនេះឡើងវិញ ។

ថ្មីៗនេះដែរ ក្រុមមន្ត្រីអធិការកិច្ច​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានចុះទៅស្រាវជ្រាវ​ករណីលក់ដីច្រើនកន្លែង​នៅក្នុងមន្ទីរកសិកម្ម​ខេត្តកំពង់ស្ពឺ ។ ប៉ុន្តែព័ត៌មាននៃការចុះអធិការកិច្ច​នោះ​ត្រូវគេអះអាងថា​ សួរនាំតែក្រុមមន្ត្រី​មួយចំនួនតូច ដែលទទួលបានលាភសក្ការពីការលក់ដី រីឯមន្ត្រីចាស់ៗ ឬអ្នកដែលមិនបានផលប្រយោជន៍ មិនត្រូវបានគេសួរនាំនោះឡើយ ។ ករណីនេះ ធ្វើ​ឲ្យក្រុមមន្ត្រីនៃមន្ទីរកសិកម្ម​ខេត្តកំពង់ស្ពឺ​មួយ​ចំនួន​ធំមិនយល់ និងថា វាហាក់ដូចជាផែនការ​ដើម្បីលេបយកដីរួមរបស់ជាតិ​ចែកគ្នាយ៉ាងដូច្នោះដែរ ។

គួរបញ្ជាក់ថា អភិបាលខេត្តកំពង់ស្ពឺលោក វី សំណាង អភិបាលខេត្តបាន និយាយយ៉ាងខ្លីថា គឺក្បាលអ្នកណាសក់ អ្នកហ្នឹង អ្នកណាធ្វើអ្នកនោះទទួលខុសត្រូវ ។

លោកអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងបែបនេះ ក្រោយពីមានក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺជាច្រើននាក់ បានរាយការណ៍និងចូលជួបប្រាប់ពី ដំណើររឿងរ៉ាវបុគ្គលមួយចំនួនកំពុងនាំគ្នារត់ការធ្វើ ស.ជ.ណ ដើម្បីកាត់ដីរដ្ឋលក់យ៉ាងគគ្លើននោះ ។

ជាក់ស្តែង មន្ត្រីកសិកម្មម្នាក់ ដោយសារតែចង់ចំណេញលុយរាប់លានដុល្លារពីរឿងរត់ការ ស.ជ.ណ កាត់ដីអង្គភាព របស់រដ្ឋលក់រហូត៤កន្លែង កន្លងមក ក្រោយពីបែកធ្លាយ និងតវ៉ា របស់មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីកសិ កម្មរួចមក កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩បាន បែកធ្លាយ លិខិតខុស បច្ចេកទេស និងមានចេតនាធ្វើលិខិតក្លែងដោយគ្មានជំនាញណាចូលរួមចំនួន៤ ច្បាប់រួមមាន៖

-ទី១៖ គំនូសប្លង់រូបរាងដីចម្ការប្រេងខ្យល់ព្រៃផ្តៅ ដែលគូសដោយមន្ទីរកសិកម្ម និងចុះហត្ថលេខាឯកភាពដោយលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ លេខ៣១០ កសរន.កស្ព ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។

-ទី២៖ គំនូសប្លង់រូបរាងដីសង្កាត់រដ្ឋបាលព្រៃឈើផ្គង់ ដែលគូសដោយមន្ទីរកសិកម្ម និងចុះហត្ថលេខាឯកភាពដោយលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម លេខ៣២៨ កសរន.កស្ព ចុះថ្ងៃទី១០ ឧសភា ឆ្នា២០១៩ ។

-ទី៣៖ លិខិតស្នើសុំគោលការណ៍ឲ្យក្រុមហ៊ុនមួយមកដោះដូរដីសង្កាត់ព្រៃឈើ ជាថ្នូរការចំណេញលុយចូលហោប៉ៅ ដោយមិនបានដាក់ដេញថ្លៃ ឬចរចាជាមួយមន្ត្រីឲ្យតម្លាភាពឡើយ ។

-ទី៤ ៖ លិខិតកក់ប្រាក់របស់ក្រុមហ៊ុនដែលមន្ទីរកសិកម្មបានស្នើសុំ មិនទាន់ទទួលបានសិទ្ធិជាផ្លូវការផង បែរជាហ៊ានលក់ដីរបស់រដ្ឋ ស្ថិតក្នុងនីតិវិធីមិនទាន់ត្រឹមត្រូវទៅឲ្យអ្នកដទៃ ដោយមិនធ្វើតាមការងាររដ្ឋបាលត្រឹមត្រូវឡើយ ។

សូមបញ្ជាក់ថាមន្ត្រីរាជការស្ថិតក្នុងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺបានភ្ញាក់ផ្អើលយ៉ាងខ្លាំខណៈដែលមានបុគ្គលមួយចំនួនបានដើរទទួលលុយកក់ពីក្រុមអ្នកទិញដីក្នុងខេត្តកំពង់ស្ពឺនិងមាន អ្នកមកពីចម្ងាយរាប់សិបម៉ឺនដុល្លារដោយ សន្យាកាត់ដីរដ្ឋមកឲ្យអ្នកទិញស្របច្បាប់នាពេលដ៏ខ្លីខាងមុខហើយដីដែលគេគ្រោង លក់នោះមានដីទីតាំងខណ្ឌរដ្ឋបាលព្រៃឈើ កំពង់ស្ពឺដីចម្ការប្រេងខ្យល់ស្ថិតក្នុង ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទងដីសង្កាត់រដ្ឋបាលព្រៃឈើសំរោងទងក្នុងភូមិផ្គង់ស្រុកសំរោងទងរួមទាំងដីរបស់មន្ទីរកសិកម្មផងដែរដែលគិតជាទឹកលុយរាប់ លានដុល្លារ ឯណោះ។

ក្រុមមន្ដ្រីបានលើកឡើងថា ពួកគាត់បានការពារទីតាំងដីទាំងនេះយូរឆ្នាំមកហើយ មិនបណ្តោយឲ្យជនណាមកយកទៅលក់ដោយមិនផ្តល់ផលប្រយោជន៍ឲ្យពួកគាត់នោះទេ ។ មន្ត្រីទាំងនោះ បានលើកឡើង ថែមទៀតថា “វាដូចជាហួសហេតុពេក នៅស្ងាត់ៗមានមនុស្សរត់ការកាត់ដីរដ្ឋលក់ ដោយដើរបង្ខំឲ្យមន្ត្រីចូលរួមផ្តិតមេដៃ និងសហការរួមគំនិតលក់ ដោយស្ងាត់បំផុតបែបនេះ។ មិនតែប៉ុន្តែប៉ុណ្ណោះ ថែមទាំងបានទទួលលុយកក់រាប់សិបម៉ឺនដុល្លារពីអ្នកទិញមិនឲ្យមន្ត្រីណាម្នាក់ដឹងឡើយ”។

មានការលើកឡើងថា ដីរបស់រដ្ឋ នៃមន្ទីរកសិកម្មខេត្តដ៏ធំល្វឹងល្វើយ ពេលនេះ គេអង្កន់ពុះជាដីឡូលក់ ហើយ ទទួលលុយកក់រាប់សិបម៉ឺនដុល្លារដោយគ្មាននរណា ដឹងឡើយ ក្នុងនោះឲ្យតែដីរបស់កសិកម្ម ត្រូវក្រុមឈ្មួញដាក់ តម្លៃរួចជាស្រេចក្នុងការចរចាលក់ ពិតជាមិនធម្មតា។ ដីដែលគេគ្រោងលក់នោះមានចំនួន៤កន្លែងដូច ជា ៖ ទី១៖ ដីទីតាំងខណ្ឌរដ្ឋបាលព្រៃឈើ កំពង់ស្ពឺ ,ទី២៖ ដីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើផ្គង់,ទី៣៖ ដីចំការប្រេងខ្យល់ព្រៃផ្តៅ,ទី៤៖ ដីមន្ទីរកសិកម្មមួយផ្នែក ដែលដីនេះ បានទទួលលុយកក់មួយចំនួនហើយ តែបើសរុបតម្លៃទិញរហូតដល់រាប់លាន ដុល្លារឯណោះ ដែលមានក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ឯ.ក ជាអ្នកដេញថ្លៃ។

ចំពោះរឿងរ៉ាវលក់ដីរដ្ឋដ៏រសើបនេះលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺបានប្រាប់ ថា លោកទទួលស្គាល់ពិត ជាមានការជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី ការអភិវឌ្ឍនៅនឹងកន្លែងដោយកាត់យកដីមន្ទីរកសិកម្មទំហំ១០ហិចតា១៤៩ ម៉ែត្រការ៉េ ស្ថិតក្នុងភូមិចម្ការដូងផ្លូវជាតិលេខ៤៤ ក្រុងច្បារមននោះមែន ។

បើតាមប្រភពមួយចំនួនបានលើកឡើងថា ពិតជាមានការកក់ប្រាក់រឿងដី របស់មន្ទីរកសិកម្ម ដែលអង្កន់ពុះជាឡូ មិនតិចជាង៣០ម៉ឺនដុល្លារនោះទេ ហើយបន្តទៅលក់ដីរដ្ឋនៅចំណុចផ្សេងៗខាងលើបន្តទៀត ក្នុងតម្លៃថ្លៃកប់ពពក តាមរយៈការកៀងគររបស់ក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ឯ.ក ដែលមានតំណាងជាច្រើន កំពុងចាត់ចែងលក់ឲ្យអ្នកដទៃ។ប៉ុន្ដែគេមើលឃើញថាខណៈគម្រងសាងសង់អគារសម្រាប់ដោះដូរមិនទាន់លេចរូបរាងផងស្រាប់តែគេកាត់ដីអង្គន់លក់អស់ខ្លះទៅហើយ ធ្វើបែបនេះមិនខុសពីធ្វើនំអត់ម្សៅនោះឡើយ ។

កាលពីប៉ុន្មានថ្ងៃមុននេះ តំណាងក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ឯ.ក បានបញ្ជាក់ផងដែរថា ខាងក្រុមហ៊ុនមានគម្រោង រួចហើយ ដើម្បីសង់អគារជូនមន្ទីរកសិកម្ម វិញ ព្រមទាំងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ។ ប៉ុន្តែ ការងារនេះកំពុងដំណើរការ ខណៈ ក្រុមហ៊ុនកំពុងសុំធ្វើប្លង់រឹងពីក្រសួងដែនដី រួចរាល់សិន ៕ ហេង សូរិយា


ចែករំលែក៖