ប្រទេសវៀតណាមៈ នៅល្ងាច ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន ហ៊ួជុង (Nguyen Phu Trong) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម។
ក្នុងជំនួបនោះ ឯកឧត្តម ង្វៀន ហ៊ួជុង (Nguyen Phu Trong) បានមានប្រសាសន៍ស្វាគមន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា។ ឯកឧត្តមបានមានប្រសាន៍ថា ឯកឧត្តមបានតាមដានយកចិត្តទុកដាក់នៃជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនាព្រឹកមិញនេះ ក៏ដូចជាការធ្វើសន្និសីទរួមរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងលទ្ធផលដ៏ល្អកម្ពុជា-វៀតណាម ស្ដីអំពីការជម្រុញវិនិយោគ និងពាណិជ្ជកម្មនារសៀលមិញនេះផងដែរ។ ឯកឧត្តមប្រធានរដ្ឋវៀតណាម ក៏បានកោតសរសើរប្រទេសកម្ពុជាដែលមានការរីកចំរើនជឿនលឿនឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាពិសេសកំណើនសេដ្ឋកិច្ចមានការកើនឡើងជាបន្តបន្ទាប់។
នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា សម្តេចពិតជារីករាយដែលបានជួប ឯកឧត្តមប្រធានរដ្ឋវៀតណាម។ សម្ដេចតេជោក៏បានជម្រាបជូនអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចរបស់សម្ដេចមកកាន់ប្រទេសវៀតណាមនាពេលនេះ ហើយសម្តេចចាត់ទុកថានេះគឺជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសទាំងពីរកម្ពុជា-វៀតណាម ផងដែរ ក្នុងការចូលរួមពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា។ សម្ដេចក៏បានកោតសរសើរចំពោះប្រទេសវៀតណាមដែលមានការអភិវឌ្ឍន៍រីកចំរើនជឿនលឿនជាពិសេសកំណើនសេដ្ឋកិច្ចរីកលូតលាស់ឆាប់រហ័សទាក់ទាញការវិនិយោគពីបរទេសច្រើន ។
សម្តេចបន្តថា កម្ពុជា-វៀតណាម នឹងរួមគ្នាអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវរាលទិសដៅដែលបានដាក់ចេញ និងការព្រមព្រៀងគ្នាទាំងអស់ ហើយនឹងប្រឹងប្រែងបន្តដោះស្រាយបញ្ចប់ឲ្យបានឆាប់នូវបញ្ហាដែលមាន ដូចជាការងារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកដែលនៅសេសសល់១៦%ដើម្បី កសាងព្រំដែនប្រទេសទាំងពីរឲ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងវិបុលភាពជានិរន្តរ៍។ សម្តេចក៏បានអរគុណចំពោះ វៀតណាម ដែលបានរូមចំណែកនៃការរកសន្តិភាព ការស្តារនិងអភិវឌ្ឍកម្ពុជារហូតមកដល់ពេលនេះ៕