ខេត្តសៀមរាប៖ កន្លែងចិញ្ចឹមជ្រូកឯកជនមួយកន្លែង សង្ស័យគ្មានច្បាប់អនុញ្ញាតត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ចុះត្រួតពិនិត្យ បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្នថា មានក្លិនស្អុយធ្វើឲ្យប៉ះសុខភាព ពលរដ្ឋរស់នៅជិតខាង និងអ្នកធ្វើដំណើរឆ្លងកាត់រាប់សិបឆ្នាំមកហើយ ។
ហេតុការណ៍ចុះពិនិត្យនេះបានធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ដោយសហការជាមួយកម្លាំងជំនាញ និងអាជ្ញាធរចម្រុះមូលដ្ឋាន ដឹកនាំសម្របសម្រួលដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាបចុះដល់ ទីតាំងស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបបានអះអាងថា ករណីចុះត្រួតពិនិត្យ កន្លែងចិញ្ចឹមជ្រូក មិនមានការ ដឹកសាច់ យកទៅលក់នៅខាងក្រៅទេ មិនដូចប្រជាពលរដ្ឋប្ដឹងនោះឡើយ ។ ម្ចាស់ឈ្មោះ លៀម មុំ ភេទស្រី អាយុ៤៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅកន្លែងនឹងភូមិសាស្ត្រខាងលើ ។
ប្រភពបន្តថា លទ្ធផល៖ ទីតាំងគ្មានអនាម័យ ។ ជ្រូកនៅសល់ជាក់ស្តែង ៣០ក្បាល ។ រកមិនឃើញកន្លែងសតឃាត ទៅតាមពាក្យសម្តីរបស់ប្រជាពលរដ្ឋនោះទេ ។
យោងតាមសម្តីរបស់លោកស្រី លៀម មុំ បានបញ្ជាក់ថា ករណីក្លិនឈ្ងៀម គឺបណ្តាលមកពីដុតអុស នឹងសំបកកង់ឡានចាស់ៗ ដើម្បីដេញមួស ។ កាលពីមុនភ្ជុំបិណ្ឌ មានជ្រូកងាប់ចំនួន ១២ក្បាល ក្នុងនោះមានមេជ្រូក ០៤ក្បាល ។ មិនមានការដឹកសាច់ជ្រូកយកទៅលក់នៅខាងក្រៅទេ ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានបូមឈាមសត្វជ្រូកចំនួន ០២ក្បាល យកទៅធ្វើពិសោធន៍ ដើម្បីរកឲ្យឃើញថា សត្វជ្រូកដែលងាប់កន្លងមកមានជំងឺ ឬមេរោគដែរទេ ហើយមន្ត្រីជំនាញបានឲ្យម្ចាស់ទីតាំងចិញ្ចឹមជ្រូក ទៅយកថ្នាំមកបាញ់សម្លាប់មេរោគ និងក្លិនស្អុយ នៅការិយាល័យផលិតកម្ម បសុព្យាបាលខេត្ត ។
លោក ព្រំវិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែ តុលាឆ្នាំ២០១៩ថា ចំពោះកន្លែងចិញ្ចឹមជ្រូកឯកជនខាងលើនេះ មិនខុសច្បាប់អីនោះទេ ព្រោះគាត់ចិញ្ចឹមបែបលក្ខណៈគ្រួសារ មិនទាន់ដល់ស្តងដា ដែលអាចហៅថាជាកសិដ្ឋាននៅឡើយ ព្រោះជ្រូករបស់គាត់មានត្រឹមតែ៣០ក្បាលចុះក្រោម ។ លុះត្រាតែជ្រូករបស់មានរហូតដល់៥០ក្បាលឡើងទៅ ទើបអាចចាត់ទុកថា កសិដ្ឋាន គ្មានច្បាប់ ម្យ៉ាងទៀត ការខុសឆ្គងកន្លងមកពាក់ព័ន្ធ នឹង អនាម័យ បរិស្ថាន ក្រុមន្រ្ដីបានចុះណែនាំ ពន្យល់ និងផ្ដល់ វ៉ាកសាំងសំរាប់បាញ់ ការពារជំងឺផ្សេងៗផងដែរ ៕ ប៊ុនរិទ្ធី