ខេត្តសៀមរាប៖ សមត្ថកិច្ចចម្រុះនៅវេលាម៉ោង១៦ និង៥០នាទី ថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសហការ ពីកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលដោយផ្ទាល់ពីលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះបង្ក្រាប និងឆែកឆេរទីតាំងសន្និធិផល អនុផលព្រៃឈើ ០១កន្លែងនៅក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាប និងឆែកឆេរទីតាំង ក្នុងបរិវេណលំនៅឋានរបស់ឈ្មោះ លៀម មុំ ភេទស្រី អាយុ៤៤ឆ្នាំ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលលំនៅដ្ឋាននេះបច្ចុប្បន្នស្នាក់នៅដោយឈ្មោះ អេង សុម៉ាលីន ភេទស្រី អាយុ៣៨ឆ្នាំ ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចចម្រុះបានធ្វើកំណត់ហេតុដកហូតនូវវត្ថុតាំងឈើប្រភេទលេខ១ ចំនួន៥៥ដុំ = ៤.១៧០ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងនៃបទល្មើស ត្រូវបានដឹកជញ្ជូនយកទៅរក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តទៅតាមនីតិវិធីនៃច្បាប់ស្តីពី ព្រៃឈើ ៕ ប៊ុនរិទ្ធី