ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សានៅកោះហុងកុងបានកើនខ្លាំងឡើង អ្នកមានរត់ទៅរស់នៅបរទេស

ចែករំលែក៖

អំពើហិង្សានៅកោះហុងកុងកាន់តែកើនឡើង ហើយគ្រាប់បែកសាំង និងឧស្ម័នបង្ហូរទឹកភ្នែក​​​ដ៏កក្រើក ​នៅទីក្រុងហុងកុង ចាប់ខ្លួនរាប់សិបនាក់ ដោយសារបាតុកម្មប្រឆាំងបម្រាម​ពាក់ម៉ាស់។

នៅពេលនេះពលរដ្ឋហុងកុងដែលចង់ទៅរស់នៅក្នុងក្នុងប្រទេសអៀកឡង់(​Ireland) គឺត្រូវតែវិនិយោគ​រកស៊ីនៅក្នុងប្រទេសនេះ មានទឹកប្រាក់ចាប់ពី​១លានអឺរ៉ូឡើងទៅ។

តាមសារព័ត៌មាន ​Bloomberg ​បានផ្សាយថា ក្រុមអ្នកមានទ្រព្យសម្បត្តិស្តក់ស្តម នៅកោះតៃវ៉ាន់ បាននាំគ្នាទៅសុំសិទ្ធិរស់នៅក្នុងប្រទេសអៀកឡង់ ​ដោយសារតែហុងកុង​កំពុងតែធ្លាក់នៅក្នុងអសន្តិសុខដោយសារតែបាតុកម្ម​។

ក្នុងរយៈពេល​៨សប្តាហ៍កន្លងមក មាន ពលរដ្ឋប្រមាណ​១០០នាក់ បានទៅរស់នៅក្នុងប្រទេស អៀកឡង់ តាមកម្មវិធីភៀសខ្លួន រកស៊ី​សម្រាប់ ក្រុមអ្នកមាននៅអាស៊ី​។ ដើម្បីទទួលបានលិខិត​រស់នៅស្របច្បាប់ ជនភៀសខ្លួនត្រូវតែវិនិយោគ​ទឹកប្រាក់យ៉ាងតិច​១លានអឺរ៉ូ នៅក្នុងប្រទេសនេះ។

ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅកោះហុងកុង កើតឡើងតាំងពីថ្ងៃទី​៩ ខែមិថុនា ​រហូតមកទល់ពេលនេះ​នៅមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ ។ មិនតែប៉ុណ្ណោះបាតុកម្មមានសញ្ញាអាក្រក់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់អ្នករកស៊ីនៅកោះហុងកុង ។

ពាក់ព័ន្ធនិងបាតុកម្មហិង្សា​ ប៉ូលិសក្នុងប្រទេសហុងកុង​ និងក្រុមបាតុករ​បានប៉ះទង្គិច​គ្នា​កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ខណៈដែលបាតុករ​រាប់ម៉ឺននាក់​បានបាតុកម្ម​កណ្តាលទីក្រុង​ហុងកុង​ ដើម្បីប្រឆាំង​រដ្ឋាភិបាល​ដែលដាក់ចេញបម្រាមពាក់ម៉ាស់ ។ ប៉ូលិសហុងកុងថា អ្នកដែលរឹងទទឹងចំពោះបម្រាមនេះ នឹងត្រូវចាប់ខ្លួនដាក់ពន្ធនាគារ​មួយឆ្នាំ និងពិន័យជាប្រាក់​ផងដែរ ។

ប៉ូលិសបានបាញ់​ឧស្ម័នបង្ហូរទឹកភ្នែក ក៏ដូចប្រើប្រាស់ដំបង ដើម្បីឆ្លើយតបចំពោះក្រុមបាតុករ​​ដែលបាតុកម្មនៅច្រើនកន្លែង​ក្នុងទីក្រុងហុងកុង ។ ក្រុមបាតុករបានគប់គ្រវែងគ្រាប់បែកសាំង និងវត្ថុរឹងដទៃផ្សេងៗទៀតដូចជាដុំឥដ្ឋជាដើម​មកលើ​កង​កម្លាំង​ប៉ូលិស​ដែលកំពុងអនុវត្ត​ច្បាប់​ ។ ការប៉ះទង្គិច​គ្នា រវាងប៉ូលិស និងក្រុមបាតុករទាំងនេះ មិនប្រកាន់ពេលវេលាយប់ថ្ងៃអ្វីឡើយ ។

ជាលើកដំបូង​ហើយ ស្ថិតក្រោមច្បាប់ស្តីអំពីគ្រាអាសន្នថ្មី ប៉ូលិសហុងកុង​បានចាប់ខ្លួន​បាតុករ​រាប់សិបនាក់នោះ ។ ពួកគេត្រូវចាប់ចងដៃ​ជាមួយខ្សែ និងដោះម៉ាស់ចេញពីមុខ មុនពេលលើកដាក់លើរថយន្តដឹកចេញទៅ ។ បាតុករខ្លះទៀត ​ត្រូវប៉ូលិស​ចាប់សង្កត់ផ្កាប់មុខចុះដី ​គ្រពាត់ដៃមកក្រោយខ្នង(ចងស្លាបសេក) រួចចងដៃ​ពួកគេ មុនពេលដែលបង្ក្រាប​ដោយការប្រើឧស្ម័នបង្ហូរទឹកភ្នែក ហើយនិងដំបង ។

និស្សិតម្នាក់ឈ្មោះ Lee បាននិយាយថា ច្បាប់ប្រឆាំង​ការពាក់ម៉ាស គឺជាប្រេងសាំង​ចាក់បញ្ឆេះ​ឲ្យកាន់តែឆេះខ្លាំងឡើងចំពោះពួកយើង ហើយមនុស្សកាន់តែច្រើនបន្ថែមទៀត​ នឹងចេញដង្ហែក្បួន​បាតុកម្មនៅតាមដងផ្លូវ ។ យើងមិនខ្លាចចំពោះច្បាប់ថ្មី យើងនឹងបន្តប្រយុទ្ធ ។ យើងនឹងប្រយុទ្ធ ដើម្បីសុចរិតភាព។ យើងនឹងពាក់ម៉ាស់ ដើម្បីប្រាប់រដ្ឋាភិបាលថា យើងមិនខ្លាចចំពោះអំពើជិះជាន់ឡើយ ។

គួរបញ្ជាក់ថា បាតុកម្ម​នៅហុងកុង​បានអូសបន្លាយពេលជាង​៤ខែកន្លងមកហើយ ។ ដើមឡើយពួកគេប្រឆាំងនឹងច្បាប់ស្តីអំពីបត្យាប័ន ។​ ច្បាប់បត្យាប័នដែលអាចបញ្ជូនមនុស្សពីហុងកុង​ទៅជាប់ពន្ធនាគារនៅចិនដីគោក ដែលមកដល់ពេលនេះ​បាន​រំសាយ​ហើយនោះ ប៉ុន្តែនៅមិនអាចធ្វើបាតុករស្ងប់ស្ងាត់​​ ឈប់ធ្វើបាតុកម្ម​បានឡើយ ។ ពួកគេបន្តទាមទារលទ្ធិប្រជាធិបតេយ្យ និងទាមទារ​ការស៊ើបអង្កេត​ដោយឯករាជ្យ​ការបង្ក្រាបរបស់ប៉ូលិស​​ដែលពួកគេថា មានសភាពឃោរឃៅនោះ ។ បាតុកម្ម​ពេលខ្លះ​បង្ក​ឲ្យ​មានប៉ះទង្គិច​ជាបន្តបន្ទាប់ កុំថាឡើយនាំឲ្យខាតបង់សេដ្ឋកិច្ច ។ ថ្មីៗនេះ មេដឹកនាំ ហុងកុង លោកស្រីCarrie Lam បានប្រើសិទ្ធិ​ជានាយកប្រតិបត្តិ​អនុម័ត​យ៉ាងតក់ក្រហល់​បំផុត នូវបម្រាមពាក់ម៉ាស់ ពេល​ធ្វើបាតុកម្មរបស់ក្រុមបាតុករ ។ នៅពេលបម្រាមនេះ​ ប្រកាសអនុវត្តជាធរមាននោះ បានធ្វើឲ្យបាតុករខឹងសម្បា ហើយនាំគ្នាដង្ហែក្បួនប្រឆាំងបម្រាមនេះ កាន់តែទ្រង់ទ្រាយធំឡើង៕


ចែករំលែក៖