ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកោះហុងកុងធ្វើសន្និសីទកាសែត ក្រោយការធ្វើបាតុកម្ម​ ក្លាយជាហិង្សា

ចែករំលែក៖

មេដឹកនាំកោះហុងកុង បានប្រកាសនៅក្នុងសន្និសីទកាសែត​ថា រដ្ឋាភិបាលហុងកុង នឹងប្រកាសអាសន្ន ​ហើយចេញច្បាប់ថ្មី​ដើម្បីទប់ស្កាត់ស្ថានភាព​បាតុកម្មកាន់តែអាក្រក់ទៅ ពីមួយថ្ងៃ ទៅមួយថ្ងៃ​។ កម្លាំងយោធាចិន​ អាចចូលអន្តរាគមន៍​ បើស្ថានការណ៍នៅហុងកុងអាក្រក់ខ្លាំងជាងនេះ ។

លោកស្រី Carrie Lam នៅថ្ងៃទី៨ ខែតុលា បានព្រមានថា កម្លាំងយោធា​របស់ចិន​អាច​នឹងចូលអន្តរាគមន៍ បើសិន​ការបះបោរ​ដើម្បីកែទម្រង់លទ្ធិប្រជាធិបតេយ្យ​ ដែលធ្វើឲ្យរំជើបរំជួយ​រយៈពេលជាង​៤ខែកន្លងមកនៅហុងកុង «ក្លាយជា​ជាអាក្រក់»ជាងនេះ ។ ប៉ុន្តែ​ទោះបីយ៉ាងណា រដ្ឋាភិបាលហុងកុង​នៅតែសង្ឃឹមលើការដោះស្រាយវិបត្តិនេះដោយខ្លួនឯងដដែល ។

លោកស្រីLam ក៏បានផ្តាំផ្ញើទៅក្រុមអ្នករិះគន់បរទេស​ ឲ្យទទួលស្គាល់ថា បាតុកម្មរយៈពេល៤ខែ​ ដែលជួនកាល​​ផ្ទុះឡើងនូវអំពើហិង្សានោះលែងជា «ចលនា​សន្តិភាពដើម្បីលទ្ធិប្រជាធិបតេយ្យ»​ ទៀតហើយ ។

លោកស្រីបានថ្លែងថា ការស្វែងរកកិច្ចអន្តរាគមន៍​ពីប្រទេសចិន គឺអនុវត្តតាម​រដ្ឋធម្មនុញ្ញរបស់ហុងកុង ប៉ុន្តែលោកស្រី​ Lam​ មិនចង់ធ្វើអ្វីដែល​តម្រូវឲ្យធ្វើយ៉ាងដូច្នោះឡើយ ។

នៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Lam បានថ្លែងថា «ខ្ញុំនៅតែមានអារម្មណ៍​មុតមាំថា យើងអាចស្វែងរកដំណោះស្រាយ​ដោយខ្លួនឯងផ្ទាល់ ។ នោះ ក៏ជាជំហររបស់រដ្ឋាភិបាលកណ្តាល​ផងដែរ ដែលហុងកុង គួរតែដោះស្រាយបញ្ហាដោយខ្លួនឯង ។ ប៉ុន្តែ បើស្ថានភាពកាន់តែយ៉ាប់យ៉ឺននោះ គ្មានជំរើសណាអាចត្រូវបានបដិសេធចោលឡើយ នូវជម្រើសអន្តរាគមន៍​ពីយោធាចិន ។ យើងក៏នៅមានឱកាសយ៉ាងហោចណាស់មួយទៀតដែរ សម្រាប់ហុងកុង” ៕

)


ចែករំលែក៖