មេដឹកនាំកោះហុងកុង បានប្រកាសនៅក្នុងសន្និសីទកាសែតថា រដ្ឋាភិបាលហុងកុង នឹងប្រកាសអាសន្ន ហើយចេញច្បាប់ថ្មីដើម្បីទប់ស្កាត់ស្ថានភាពបាតុកម្មកាន់តែអាក្រក់ទៅ ពីមួយថ្ងៃ ទៅមួយថ្ងៃ។ កម្លាំងយោធាចិន អាចចូលអន្តរាគមន៍ បើស្ថានការណ៍នៅហុងកុងអាក្រក់ខ្លាំងជាងនេះ ។
លោកស្រី Carrie Lam នៅថ្ងៃទី៨ ខែតុលា បានព្រមានថា កម្លាំងយោធារបស់ចិនអាចនឹងចូលអន្តរាគមន៍ បើសិនការបះបោរដើម្បីកែទម្រង់លទ្ធិប្រជាធិបតេយ្យ ដែលធ្វើឲ្យរំជើបរំជួយរយៈពេលជាង៤ខែកន្លងមកនៅហុងកុង «ក្លាយជាជាអាក្រក់»ជាងនេះ ។ ប៉ុន្តែទោះបីយ៉ាងណា រដ្ឋាភិបាលហុងកុងនៅតែសង្ឃឹមលើការដោះស្រាយវិបត្តិនេះដោយខ្លួនឯងដដែល ។
លោកស្រីLam ក៏បានផ្តាំផ្ញើទៅក្រុមអ្នករិះគន់បរទេស ឲ្យទទួលស្គាល់ថា បាតុកម្មរយៈពេល៤ខែ ដែលជួនកាលផ្ទុះឡើងនូវអំពើហិង្សានោះលែងជា «ចលនាសន្តិភាពដើម្បីលទ្ធិប្រជាធិបតេយ្យ» ទៀតហើយ ។
លោកស្រីបានថ្លែងថា ការស្វែងរកកិច្ចអន្តរាគមន៍ពីប្រទេសចិន គឺអនុវត្តតាមរដ្ឋធម្មនុញ្ញរបស់ហុងកុង ប៉ុន្តែលោកស្រី Lam មិនចង់ធ្វើអ្វីដែលតម្រូវឲ្យធ្វើយ៉ាងដូច្នោះឡើយ ។
នៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Lam បានថ្លែងថា «ខ្ញុំនៅតែមានអារម្មណ៍មុតមាំថា យើងអាចស្វែងរកដំណោះស្រាយដោយខ្លួនឯងផ្ទាល់ ។ នោះ ក៏ជាជំហររបស់រដ្ឋាភិបាលកណ្តាលផងដែរ ដែលហុងកុង គួរតែដោះស្រាយបញ្ហាដោយខ្លួនឯង ។ ប៉ុន្តែ បើស្ថានភាពកាន់តែយ៉ាប់យ៉ឺននោះ គ្មានជំរើសណាអាចត្រូវបានបដិសេធចោលឡើយ នូវជម្រើសអន្តរាគមន៍ពីយោធាចិន ។ យើងក៏នៅមានឱកាសយ៉ាងហោចណាស់មួយទៀតដែរ សម្រាប់ហុងកុង” ៕