ខេត្តតាកែវ ៖ ក្រុមមន្រ្តីយោធានៅក្នុងបន្ទាយផ្នែកសឹករងស្រុកអង្គរបុរី បានឲ្យដឹង ថា លោក អ៊ូច យី មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងស្រុកអង្គរបុរី បានចេញមុខសារភាពនៅចំពោះពួកគេថា លោកទទួល បានប្រាក់ត្រឹម ២,០០០ដុល្លារ ប៉ុណ្ណោះ ពីការកាត់ដីបន្ទាយចេញពីប្លង់ដើម។
ក្រុមមន្រ្តីយោធា ដែលបានស្តាប់សម្តីសារភាពពីមេបញ្ជាការរបស់ខ្លួន បានអះអាងថា កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ លោក អ៊ូច យី បានប្រាប់ពួកគេនៅក្នុងបន្ទាយសឹករងស្រុកតែម្តង បន្ទាប់ពីបែកធ្លាយករណីកាត់ដីបន្ទាយធ្វើតូបដោយ ខុសច្បាប់ ដើម្បីជួលឲ្យអាជីវករ។
លោក អ៊ូច យី បានបញ្ជាក់ថា «សូម បងប្អូនកុំយល់ច្រឡំថា ខ្ញុំបានលុយពីដី ឆ្វៀលបន្ទាយនេះច្រើនឲ្យសោះ គឺខ្ញុំបាន តែ២,០០០រដុល្លាទេ ពីលោក គឹម ហាន ដែលជាម្ចាស់សំណង់អគារដែក ហើយ លុយ២,០០០រដុល្លានេះ ខ្ញុំមិនបានយក ទៅផ្ទះទេ គឺខ្ញុំបានយកមកកសាងចង្ក្រានបាយនៅក្នុងបន្ទាយដដែលទេ»។
ក្រុមមន្រ្តីយោធា បានអះអាងទៀតថា ក្រោយពីមានការសារភាពពីលោកមេ បញ្ជាការចំពោះមុខកូនៗទាហានរួចមក ក៏ មានសេចក្ដីរាយការណ៍បញ្ជាក់ទៀតថា រីឯលោក ឡេង ខូវ ប្រធានភូមិបាលស្រុក អង្គរបុរី ដែលបានចូលរួមវាស់វែងឆ្វៀលដីបន្ទាយទាហានឲ្យខុសប្លង់ចាស់ គឺទទួល បានលុយតែ២សែនរៀលទេ។
ក្រុមមន្រ្តីយោធា បានលើកជាសំណួរ ប្រសិនបើលោក អ៊ូច យី មេបញ្ជាការសឹក រងស្រុកអង្គរបុរីសារភាពថា បានលុយ ២,០០០ដុល្លារពីលោក គឹម ហាន ចុះទម្រាំ លោក សេក រស់ មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងខេត្តតាកែវ ដែលទើបចូលនិវត្តន៍ថ្មីៗ ទទួលបានប្រាក់ប៉ុណ្ណាទៅ។
សូមបញ្ជាក់ថា បន្ទាប់ពីមានរឿងដ៏ ចម្រោងចម្រាសជាបន្តបន្តាប់ អំពីសំណង់តូបដែកសង់នៅលើដីបន្ទាយទាហាន ផ្នែកសឹករងស្រុកអង្គរបុរី ខេត្តតាកែវ កាលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ក្រុមកូនទាហាននៅក្នុងបន្ទាយនេះ បានលួចបញ្ចេញ ឯកសារកាត់ដី និងឈ្មោះអ្នកចូលរួមពាក់ ព័ន្ធ បង្ហាញឲ្យឃើញមេបញ្ជាការរងវ័យ ក្មេងម្នាក់ ជាម្ចាស់សំណង់នេះ។
តាមប្រភពច្បាស់ការណ៍នៅក្នុងបន្ទាយ នេះ បានបង្ហាញឯកសារបញ្ជាក់ដីបន្ទាយ ទាហានផ្នែកសឹករងស្រុកអង្គរបុរី ត្រូវបាន ចុះបញ្ជី គឺមានទំហំ៥,៦៦៤ម៉ែត្រក្រឡា ប៉ុន្តែ ក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៩ ស្រាប់ តែលោក ឡេង ខូវ ប្រធានភូមិបាលស្រុក អង្គរបុរី, លោក អ៊ូច យី មេបញ្ជាការផ្នែកសឹក រងស្រុកអង្គរបុរី និងលោក សេក រស់ មេ បញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ បានសហការគ្នាវាស់វែងដីបន្ទាយសាជាថ្មី ដោយវាស់កាន់ដីសង់តូបដែក ចេញ និងបានធ្វើរបាយការណ៍កំណត់ដីបន្ទាយមួយនេះ នៅសល់តែ៤,០០០ ម៉ែត្រក្រឡា ប៉ុណ្ណោះ។ ចំណែកដីសាងសង់តូបរបស់លោក គឹម ហាន មេបញ្ជាការរងតំបន់សឹករងស្រុកអង្គរបុរី ជាអ្នកសាងសង់តូបដែកទាំងនេះ ដើម្បីជួលប្រាកដមែន។
ក្រុមកូនទាហាននៅក្នុងបន្ទាយនេះ បានអះអាងថា លោក គឹម ហាន គឺជាមនុស្សស្និទ្ធស្នាលជាមួយលោក សេក រស់ ដែលជាអ្នកដឹកនាំវាស់ដីធ្លី។
តាមរយៈឯកសារ បានបង្ហាញថា លោក សេក រស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រង ខេត្តតាកែវ ដែលទើបចូលនិវត្តន៍ថ្មីៗ ជាអ្នកដឹកនាំវាស់វែងដីបន្ទាយនេះ និងចុះហត្ថលេខាលើឯកសារផងដែរ។
អ្នកដឹងរឿងនេះច្បាស់ បានអះអាងថា សំណង់តូបដែកនេះ គឺគេសង់ឡើង ដើម្បីជួលឲ្យប្រជាពលរដ្ឋលក់ដូរ ដែលតាមពិតគឺជាកាបំភាន់ភ្នែកមហាជន និងដើម្បីយកដីនេះធ្វើជាកម្មសិទ្ធិឯកជនដោយស្របច្បាប់។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្បែរបន្ទាយទាហាននេះ បានឲ្យដឹងទៀតថា សំណង់តូបស្ថិតនៅលើផ្ទៃដី រាប់ពាន់ម៉ែត្រក្រឡា ត្រូវបានសាងសង់រួចរាល់អស់ហើយ និងបានខណ្ឌចែកជាបន្ទប់សម្រាប់ជួល ដែលក្នុងមួយបន្ទប់ មានតម្លៃយ៉ាងហោចណាស់៣០ដុល្លារក្នុង១ខែ។
ពាក់ពន្ធ័ករណីខាងលើលោក ឡេង ខូវ ប្រធានការិយាល័យភូមិបាលស្រុកអង្គរបុរី ធ្លាប់ទទួលស្គាល់ថា លោកពិតជាបានចូលរួមវាស់វែងដីបន្ទាយទាហានមែន តាមការស្នើសុំរបស់ប្រធានអង្គភាព គឺលោក អ៊ូច យី មេបញ្ជាការផ្នែកសឹករងស្រុកអង្គរបុរិ ប៉ុន្តែលោក មិនទទួលខុសត្រូវចំពោះឯកសារ នោះទេ។
ចំណែកលោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបុរីថា លោកមិនបានដឹងថា លោក ឡេង ខូវ ប្រធានការិយាល័យភូមិបាលស្រុកអង្គរបុរី បានទៅវាស់វែង និងបានឆ្វៀលដី ឲ្យខុសពីប្លង់ដើមនោះទេ។
មហាជន និងក្រុមកូនទាហាប្រចាំក្នុង បន្ទាយនេះ រង់ចាំមើលលោក នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ដែលទើបឡើងកាន់តំណែងថ្មីៗ អាចរក្សាចំនួនដី៥៦៦៤ម៉ែត្រក្រឡារបស់បន្ទាយសឹករងស្រុកអង្គរបុរី ឲ្យគង់វង្សតាម ប្លង់ចាស់បានដែរឬទេ?៕ ហេង សូរិយា