ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច ការងារ ខែតុលា និងទិសដៅ ខែវិច្ឆិកា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំ ខែតុលា ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារបន្តប្រចាំ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ពិធីនេះផងដែរ ក៏ផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ និងផ្សព្វផ្សាយប្រសាសន៍ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ នាយទាហាន-នាយទាហានរង នៃកងរាជអាវុធហត្ថជាច្រើនរូប។

ជាកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានមានប្រសាសន៍ថា កម្លាំងត្រៀមអន្តរាគមន៍ និងគ្រប់មូលដ្ឋានក្រុង/ស្រុក ត្រូវចាត់តាំងកម្លាំងទៅតាមផែនការដែលបានដាក់ចេញ តាមគោលដៅដែលបានកំណត់ ពិសេសតាមរមណីដ្ឋាន និងទីកំសាន្តនានាក្នុងភូមិសាស្រ្ត ដែលទទួលខុសត្រូវ ។

ជាកិច្ចបញ្ចប់លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការបានធ្វើការកោតសរសើរដល់មន្រ្តីអាវុធហត្ថខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអនុវត្តតួនាទី-ភារកិច្ចល្អប្រសើរ រយៈពេលកន្លងមក និងបានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវបន្តអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់លើ គោរពវិន័យ ក្រមសីលធម៌ និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងអនុវត្តសាលដីកាតុលាការឲ្យបានដាច់ខាត និងមានប្រសិទិ្ធភាពខ្ពស់ និងក្ដាប់រាល់សភាពការណ៍កើតឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងចុះបង្រ្កាបឲ្យបានទាន់ពេលវេលានូវរាល់បទល្មើសដែលកើតមានឡើង។

លោកឧត្តមសេនីយ៍ មេបញ្ចាការ បានធ្វើការណែនាំដល់មន្រ្តីជំនាញ ក៏ដូចមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ត្រូវធ្វើប៉ាណូដាក់ទិសស្លោក ទាំង ០២ផ្ទាំង របស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យកម្លាំងក្រោមឱវាទរបស់ខ្លួន បានឃើញ បានយល់ និងអនុវត្តឲ្យបានត្រឹមត្រូវស្របទៅតាមទិសស្លោកទាំង០២នេះផងដែរ៕ សសម


ចែករំលែក៖