ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោខឹម សុផល នាយ ការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានឲ្យដឹងថា៖ រសៀលម៉ោង១៣និង៣០នាទី ថ្ងៃទី៩ ខែតុលាឆ្នាំ២០១៩ ទូកនេសាទមួយគ្រឿងបានឆេះនៅលើផ្ទៃសមុទ្រចំណុចឃ្លងកោះពស់ ខេត្តព្រះសីហនុ ។
លោកខឹម សុផល បានបញ្ជាក់ថា៖ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងដោយផ្ទាល់ ចេញទៅជួយសង្គ្រោះជនរងគ្រោះជាបន្ទាន់ ដោយមានការជួយផ្តល់មធ្យោបាយអូរប័រ ពីរគ្រឿងរបស់លោកឧកញ៉ាទៀ វិចិត្រ និងមានការចូលរួមពីប្រជានេសាទផងដែរ ។
ជាប្រភេទទូកនេសាទក្តារ៨គូ ពណ៌ខៀវ ទទឹង២.៥ម៉ែត្រ បណ្តោយប្រវែង១២ម៉ែត្រ នៅលើទូកមាន ម៉ាស៊ីនចំនួន២គ្រឿង ម៉ាកអ៉ីស្គី និងម៉ាកហុងដា មានមនុស្ស៣នាក់នៅលើទូក៖ ១.ឈ្មោះម៉ម ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ខេត្តកំពត ជាម្ចាស់ទូក ។ ២.ឈ្មោះហៀក បឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករនេសាទ ។ ៣.ឈ្មោះស៊ុន ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករនេសាទ ។
តាមចម្លើយរបស់ម្ចាស់ទូក មូលហេតុដែលបណ្តាលឲ្យឆេះ មកពីផ្ទុះកំប៉ុងហ្គាសដែលទុកនៅក្បែរម៉ាស៊ីន ពេលដែលទូករត់ក្តៅម៉ាស៊ីន កំប៉ុងហ្គាសមួយស្បោងដែលនៅក្បែរនោះ បានផ្ទុះឡើង ហើយឆេះពីដុងសាំង ។ សម្ភារ នេសាទនៅលើទូកខូចខាតទាំងស្រុង តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ដោយសារតែនៅពេលកើតហេតុមានទូកនេសាទនៅក្បែរនោះ និងអូប័រ លោកឧកញ៉ា ទៀ វិចិត្រ ចំនួន២គ្រឿងចុះជួយអន្តរាគមន៍ទាន់ពេលវេលា ៕ ឆ្លាម សមុទ្រ