ភ្នំពេញ៖ ជនជាប់ចោទប្រុសស្រីចំនួន៥នាក់ ក្នុងនោះម្នាក់ជាអតីតនគរបាលអន្តរាគមន៍ ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធចំនួន២លើក ក្នុងរាជធានីភ្នំពេញ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសុំណុំរឿងមកបើកវសនាការកាត់ទោស កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ។
យោងតាមប្រភពពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោកស្រី កែវ សុគន្ធា តំណាងអយ្យការសវនាការ បានប្តឹងចោទប្រកាន់ ៖ ករណីទី១៖ ឈ្មោះ លន់ ស៊ីវថេង ភេទប្រុស អតីតមន្រ្តីនគរបាលអន្តរាគមន៍,ឈ្មោះ ផេង យុទ្ធនា ភេទប្រុស, ឈ្មោះ ស៊ន់ សេរីវិចិត្រ និងឈ្មោះ ហៀង ស្រីដែត ភេទស្រី ពីបទ លួចមានស្ថានទម្ងន់ទោស និងកាន់កាប់ អាវុធ ដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ក្នុងអំពើប្លន់យកម៉ូតូ ZOOMER X ពីជនរងគ្រោះនៅក្នុងទឹកដីសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដោយឡែករណីទី២៖ ឈ្មោះ លន់ ស៊ីវថេង ភេទប្រុស អតីតមន្រ្តីនគរបាលអន្តរាគមន៍,ឈ្មោះ ផេង យុទ្ធនា ភេទប្រុស និងឈ្មោះ គង់ សុវណ្ណ ភេទប្រុស បទ លួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ក្នុងអំពើប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុង ហាងអ៊ីនធឺណេតមួយកន្លែងនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ដោយនៅក្នុងសវនាការក្រុុមជនជាប់ចោទ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការពិតប្រាកដមែន ។
គួររំលឹកថា ក្រុមជនជាប់ចោទខាងលើនេះ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នាពេលកន្លងមក ។
ក្រោយបញ្ចប់ការសាកសួរដេញដោល តុលាការបានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងទាំង២នេះទៅ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ខាងមុខ ៕ ស តារា