ភ្នំពេញ៖ យុវជន៣នាក់ បាននាំគ្នាព្រួតវាយទៅលើប្តីប្រពន្ធ២នាក់បណ្ដាលឲ្យរបួស ខណៈដែលពួកគេកំពុងជិះម៉ូតូមួយគ្រឿងដឹកកូនតូច ចេញពីកម្មវិធីខួបកំណើតបងប្អូន ហើយភាគីយុវជន៣នាក់នោះ បានបើកម៉ូតូលឿនជែងប៊ិះបង្កជាគ្រោះថ្នាក់ចរាចរណ៍ ទើបធ្វើឲ្យជនរងគ្រោះ២នាក់ប្តីប្រពន្ធខឹងស្រែកជេរ ទើបកើតហិង្សាវាយតបគ្នា បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌទួលគោកចុះជួយធ្វើអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនយុវជនបង្កម្នាក់ ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់ ។
ករណីហិង្សាខាងលើនេះ បានកើតទ្បើងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចខាងត្បូងមន្ទីរពេទ្យព្រះកុសុម: តាមបណ្ដោយផ្លូវលេខ២៧១ កែងនិងផ្លូវលេខ១៦០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
យោងតាមសម្តីជនរងគ្រោះឈ្មោះ ឃឹម រឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាអ្នកដឹកជញ្ជូនម្ហូបអាហារ ស្នាក់នៅម្ដុំសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងប្រពន្ធ រួមទាំងកូន បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GM-3555 ចេញមកពីកម្មវិធីខួបកំណើតបងប្អូន នៅខាងក្រោយវិទ្យាល័យជាស៊ីមសាមគ្គី បំណងជិះត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅមកពីស្តុបណូគា ឆ្ពោះទៅស្ពានអាកាស៧មករា ។
លុះជិះមកដល់ចំណុចកែងផ្លូវលេខ១៨២ ស្រាប់តែមានក្រុមជនបង្កមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង ដោយជនបង្កមានឈ្មោះ ហែម ម៊ុន អាយុ២៧ ឆ្នាំ មុខរបរជាចុងភៅជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1A-2420 ចំណែកបក្ខពួក២នាក់ទៀត ជិះម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក បានជិះម៉ូតូវាជែងឆាបម៉ូតូរបស់គាត់ ខណ:នោះគាត់ ក៏ស្រែកដាក់ក្រុមជនបង្កខាងលើថា «បងឯងជិះខ្វាក់ចឹងអត់មើលខ្ញុំដឹកកូនតូច អត់ខ្លាចមានគ្រោះថ្នាក់ដល់ពួកខ្ញុំទេអី» រួចគាត់ក៏បន្តដំណើរទៅមុខធម្មតា។ ខណ:ជិះមកដល់ចំណុចកើតហេតុ ក្រុមជនបង្កក៏បានជិះម៉ូតូស្ទាក់ពីមុខម៉ូតូរបស់គាត់ និងស្រែកថា «ស្អីហា» ហើយក៏បាននាំគ្នាយកមួកសុវត្ថិភាពវាយមកលើរូបគាត់ និងប្រពន្ធរបស់គាត់ បណ្តាលឲ្យរងរបួសតែម្តង ។
បើតាមសម្តីបុរសដែលជាជនបង្កឈ្មោះ ហែម ម៊ុន អាយុ២៧ ឆ្នាំ មុខរបរជាចុងភៅ បានឲ្យដឹងដែរថា មុនពេលកើតហេតុ រូបគេនិងមិត្តភក្ភិពីរនាក់ទៀត បានជិះម៉ូតូ២គ្រឿងស្របទិសគ្នាជាមួយជនរងគ្រោះ ខណៈនោះមិត្តភក្ភិពីរនាក់នោះ ក៏បានជិះជែងម៉ូតូរបស់ជនរងគ្រោះឆ្ពោះទៅមុន ស្រាប់តែជនរងគ្រោះស្រែកជេរពួកគេ ។ លុះមកដល់ចំណុចកើតហេតុ ក៏បានឈ្លោះប្រកែកគ្នាជាមួយនឹងជនរងគ្រោះ រហូតមានការវាយតបគ្នាទៅវិញទៅមក ប៉ុន្តែខ្លួនមិនបានប្រើប្រាស់អំពើហិង្សា ទៅលើជនរងគ្រោះនោះទេ គ្រាន់តែជួយឃាត់បក្ខពួកប៉ុណ្ណោះ ភ្លាមនោះនៅពេលដែលខ្លួនឡើងជិះម៉ូតូ ស្រាប់តែមានប្រជាពលរដ្ឋមកឃាត់ រួចវាយរូបគេ បណ្តាលឲ្យហើមភ្នែកផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បាននាំភាគីពីរទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមច្បាប់ ៕ស រស្មី