ខេត្តបន្ទាយមានជ័យ៖ សកម្មភាពឈ្មួញនាំចូលនៅទំនិញគ្រប់មុខ រួមទាំងមាន់ ទាដែលគេមិនទាន់មានឃើញមន្ត្រី ឬអាជ្ញាធរទប់ស្កាត់បាននៅឡើយ បើទោះកន្លងទៅថ្មីនេះ ក្រសួងកសិកម្មមិនអនុញ្ញាតឲ្យនាំចូលមាន់ ទាពីប្រទេសជិតខាងដើម្បីឲ្យសត្វក្នុងស្រុកមានទីផ្សារក៏ដោយ ។ ច្រករបៀងមួយនេះ ឋិតក្នុងភូមិច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានទ្រង់ទ្រាយធំ និងសម្រុកយ៉ាងខ្លាំងក្នុងការនាំចូលមិនថាថ្ងៃសៅរ៏ ឬអាទិត្យ ប្លែកពីច្រកទ្វេភាគី ច្រកអន្តរជាតិ ដែលជាច្រកស្របច្បាប់ទៅទៀត ។
តាមតួលេខដែលគេទទួលបានក្នុងមួយថ្ងៃ ចំពោះរថយន្តដឹកមាន់រស់ ទាំងឡានតូច និងឡានធំ យ៉ាងតិច២០គ្រឿង ក្នុងនោះ ចំណោម២០គ្រឿងដឹកមាន់ មានត្រឹម១គ្រឿងទៅ២គ្រឿងប៉ុណ្ណោះ ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ក្រៅពីនោះ លោតឆត្រសឹង៩០ភាគរយទៅហើយ ។
ដោយឡែកការដឹកគោ ក្របីពីប្រទេសថៃឆ្លងតាមច្រកអូរបីជាន់នេះ ត្រូវបានគេដឹងថា គឺជាសែស្រឡាយរបស់លោកឧកញ្ញា គ្មានអ្នកណាហ៊ានប៉ះពាល់ទាំងច្រកអូរបីជាន់ និងទីតាំងកុងត្រូលជជុះជាច្រើនកន្លែងទៀត ក្នុងនោះ សូម្បីតែខាងជំនាញពេទ្យសត្វ ក៏មិនបានទទួលខុសត្រូវ ពិនិត្យលើសុខភាពសត្វនាំចូលឡើយ ព្រោះខ្លាចតំណែងនូវឥទ្ធិពលអំណាចលោកឧកញ្ញា ។
ចំពោះរថយន្តដឹកមាន់ មានទាំងឡានតូច និងរថយន្តយីឌុបកង់១០ ក្នុងមួយថ្ងៃមិនតិចជាង២០គ្រឿង ទោះជាមានច្បាប់ ឬគ្មានច្បាប់ ក្នុងនោះដែលគេសន្មត់ថា មានច្បាប់ត្រឹមតែ១ភាគរយ រាល់ការជញ្ជូនមាន់តែប្រឈមទៅនឹងការគំរាមកំហែងតម្រូវឲ្យបង់ប្រាក់ ពីសមត្ថកិច្ចតាមកុងត្រូលជជុះជាច្រើនស្ថាប័នដូចជា៖ ១ ខាងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បង្ខំឲ្យឈ្មួញបង់លុយក្នុង១ឡានយ៉ាងតិច៣០ម៉ឺនរៀល ចំពោះឡានដឹកមាន់អត់ច្បាប់តម្លៃ២០ម៉ឺនរៀលសម្រាប់ដឹកមាន់មានច្បាប់ ។ ២ ខាងគយចល័ត នៅសាលាក្រហម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាខាគយ និងរដ្ឋករខេត្តបន្ទាយមានជ័យ ក៏ឆ្ងាញ់នឹងប្រមែប្រមូលពីឡានដឹកមាន់ តម្លៃខ្ពស់ជាងគេ ក្នុងនោះឡាន់ដឹកមាន់អត់ច្បាប់ ចូលបង់១ឡាន៥០ម៉ឺនរៀល បើមានច្បាប់ចំនួន៣០ម៉ឺនរៀល ។ ដូច្នេះចំណូលរបស់អ្នកគ្រប់គ្រងច្រកអូរបីជាន់ ដោយកម្លាំងយោធារបស់យុទ្ធភូមិភាគទី៥ ក៏ដូចជាក្រុមកុងត្រូលជជុះចំនួន៤ស្ថាប័ននេះ បានប្រមូលលុយពីសកម្មភាពដឹកជញ្ជូនមាន់ខុសច្បាប់ ពីប្រទេសថៃ បានយ៉ាងច្រើនក្នុងមួយថ្ងៃៗ ខណៈក្នុងមួយថ្ងៃមានរថយន្តដឹកទំនិញមិនតិចជាង២០គ្រឿងនោះ ។
គួររំលឹកថា ច្រកអូរបីជាន់ ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសបិទមិនឲ្យដំណើរការ ប៉ុន្តែអាជ្ញាធរខេត្តនៅតែបន្តឲ្យមានសកម្មភាពចរាចរណ៍ទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកអូរបីជាន់នេះ ភាគច្រើនជាទំនិញគេចពន្ធ ក្នុងនោះការនាំចូលគោ ក្របី សត្វមាន់ ល្មើសច្បាប់ និងមិនបានពិនិត្យសុខភាពសត្វ ប្រឈមទៅនឹងគ្រោះថ្នាក់បញ្ហាសុខភាពដល់ប្រជាជន ដែលជាអ្នកបរិភោគក្នុងស្រុក ។ បញ្ហានេះគួរតែអាជ្ញាធរខេត្តបន្ទាយមានជ័យ មានវិធានការលុបបំបាត់តាមប្រកាសរបស់ក្រសួងមហាផ្ទៃ មិនត្រូវឲ្យទំនិញហូរចូលគ្មានពន្ធ និងសត្វគ្មានសុខភាពដ៏គគ្រឹកគគ្រេងបែបនេះទេ ក្នុងនោះសូម្បីតែមន្ត្រីសាលាខេត្តនៅច្រកអូរបីជាន់ ក៏មានភារកិច្ចចាំរាប់ក្បាលឡានដឹកមាន់យកលុយផងដែរក្នុងមួយគ្រឿង២០ម៉ឺនរៀល ។
ពួកគាត់លើកឡើងថា៖ ច្រករបៀងអូរបីជាន់ដែលគ្រប់គ្រងដោយ ឧត្តមសេនីយ៍ ឃួន ជឿន មេបញ្ជាការកងល្បាតការពារព្រំដែន ៥០៣យោធភូមិភាគទី ៥ ត្រូវ សម្តេចក្រឡាហោម ស ខេងបញ្ជាឲ្យបិទច្រកនេះ ដោយយល់ឃើញថា ខាតបង់ថវិការជាតិដោយមានទំនិញគេចពន្ធរាប់រយមុខចេញចូលតាមច្រករបៀងមួយនេះនាំឲ្យបាត់ចំណូលពន្ធរដ្ឋ និងនាំ ឲ្យមានចរាចរណ៍ នៅគ្រឿងញៀន ប៉ុន្តែនៅតែដំណើរការរហូតបច្ចុប្បនដែលគេសង្ស័យថាមានការត្រូវគ្នាជាមួយអាជ្ញាធរមន្ត្រីជម្នាញក្នុងមូលដ្ឋានទើបបើករហូតដល់សព្វថ្ងៃនេះ៕ នីមវណ្ណា