ខេត្តស្វាយរៀង៖ បុរស២នាក់ជិះម៉ូតូដល់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ គ្រឿងញៀន អាវុធជាតិផ្ទុះ និងបទ ល្មើសព្រហ្មទណ្ទមិនឈប់ បន្ថែមល្បឿន សមត្ថកិច្ចឃាត់ខ្លួន បែកធ្លាយមានសារធាតុញៀន និងបានឃាត់ខ្លួនបានជាបន្តបន្ទាប់៣នាក់ទៀតពាក់ពន្ធ័គ្រឿងញៀន ។
ការឃាត់ខ្លួននេះ បានធ្វើឡើងវេលាម៉ោង៨ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ចំណុចត្រង់ភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ហឿង សារ៉ាត់ អាយុ ២៧ ឆ្នាំ មុខរបរកម្មករសំណង់ នៅភូមិចុងស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងឈ្មោះ ឈាង ធីន អាយុ ១៩ ឆ្នាំ មុខរបរកម្មករសំណង់ នៅភូមិចុងស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និង ដកហូតសម្ភារវត្ថុតាង ទូរស័ព្ទដៃចំនួន២ គ្រឿង ។
ចំណែក៣នាក់ទៀតដែលឃាត់ខ្លួនបានជាបន្តបន្ទាប់មានឈ្មោះ ថុង ប៉ារី អាយុ ៣៤ឆ្នាំ មុខមិនពិតប្រាកដនៅភូមិតាមុំ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ២-ឈ្មោះ សុង ភានិត ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខមិនពិតប្រាកដនៅភូមិតាមុំ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយ រៀង និងទី៣ឈ្មោះសឿន ចិន្តា អាយុ ៣០ ឆ្នាំ មុខរបរជាងម៉ៅការសំណង់ នៅភូមិតាមុំ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបន្តថាកម្លាំងសមត្ថកិច្ចយើងកំពុងតួពិនិត្យគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងញៀន អាវុធជាតិផ្ទុះ និងបទ ល្មើសព្រហ្មទណ្ឌ ចំណុចត្រង់ភូមិសាស្ត្រខាងលើស្រាប់តែមានម៉ូតូគ្រឿង ដែលមិនគោរពច្បាប់ចរាចរណ៍ (ជិះល្បឿនលឿន) ត្រូវបានសមត្ថកិច្ចឃាត់ត្រួតពិនិត្យមធ្យោបាយធ្វើដំណើរ ។
ប្រភពបានឲ្យដឹងទៀតថា ដោយមានការសង្ស័យសមត្ថកិច្ចបានធ្វើតេស្តទឹកនោមពិនិត្យរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+) ជាមេតំហ្វេតាមីន ប្រភេទម៉ាទឹកកកឃាត់ខ្លួនចំនួន ០៣ នាក់ និង ដកហូតសម្ភារវត្ថុតាង ម៉ូតូ ០១ គ្រឿង ទូរស័ព្ទដៃចំនួន ០៣គ្រឿង ។
ជនសង្ស័យទាំង៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន