ភ្នំពេញ៖ បាត់មុខពីសិល្បៈយ៉ាងយូរមែន ប៉ុន្តែអតីតតារាចម្រៀងប្រចាំផលិតកម្មM កញ្ញាង៉ែត លីតា ហៅ អេនណា (Anna) និងលោក សន វិជ្ជបុត្របានលេចមុខក្នុងកម្មវិធីសប្បុរសធម៌នានាជាបន្តបន្ទាប់ ។ ថ្មីៗនេះនាង និងមិត្តភ័ក្កិ និងគ្រួសារបានរួមគ្នាចុះចែកអំណោយជាសម្ភារៈ និងថវិកាជូនដល់ចាស់អ្នកធាក់ស៊ីក្លូមួយចំនួននៅភ្នំពេញផងដែរ ។
អតីតតារាចម្រៀង អេនណា បានលេចមុខក្នុងកម្មវិធីសប្បុរសធម៌ថ្មីមួយទៀតនៅភ្នំពេញ បន្ទាប់ពីនាងបានបាត់មុខក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ ។ នាង និងមិត្តភ័ក្កិជាអតីតតារាចម្រៀងលោក សន វិជ្ជបុត្រ កញ្ញា អេមមី និងក្រុមគ្រួសារបានចុះចែកអំណោយសប្បុរសធម៌ជូនដល់ចាស់ដែលមានរបរជាអ្នកធាក់ស៊ីក្លូចិញ្ចឹមជិវិត និងមានជីវភាពខ្វះខាតមួយចំនួន ។ អំណោយទាំងនោះមានទាំងគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមានភួយ ក្រមា និងថវិកាមួយចំនួនផងដែរ ។
តារាស្រីរូបនេះបញ្ជាក់ថា ដោយសារមើលឃើញពីការលំបាកខ្វះមុខខ្វះក្រោយ នាង មិត្តភ័ក្កិ និងម្តាយ បានរួមគ្នាចុះចែកអំណោយបន្តិចបន្តួចដើម្បីជួយដល់ពួកគាត់ ចំនួន១៣នាក់ហើយបើទោះបីជាមិនគ្រប់គ្រាន់បានយូរអង្វែងប៉ុន្តែជាទឹកចិត្តនៃការចែករំលែក និងជាកម្លាំងចិត្តឲ្យពួកគាត់បន្តប្រឹងប្រែងតស៊ូក្នុងជីវិត ។ នាងថា ជីវិតពួកគាត់លំបាកហើយអ៊ុំៗខ្លះមានវ័យចំណាស់ទៅហើយនៅតែបន្តប្រឹងប្រែងការងារមួយនេះទាំងមានជំងឺ និងមិនមានទីកន្លែងសម្រាកសមរម្យ ។
គួរបញ្ជាក់ដែរថា នេះមិនមែនលើកទី១ទេ ដែលតារាចម្រៀងស្រី អេនណា និងលោក សន វិជ្ជបុត្របានចុះធ្វើសកម្មភាពសប្បុរសធម៌ទាំងនៅភ្នំពេញ និងខេត្តមួយចំនួន បើទោះបីជាពួកគេបានផ្អាកការងារសិល្បៈដើម្បីប្រកបការងារមុខជំនួញផ្ទាល់ខ្លួនក៏ដោយ ។ នេះក៏ជាគំរូសម្រាប់សិល្បករ និងពលរដ្ឋទូទៅឲ្យចេះជួយទុក្ខធុរៈ បង្ហាញពីវប្បធម៌ក្នុងការចែករំលែកទៅកាន់អ្នកក្រខ្សត់ផងដែរ៕ វឌ្ឍនា