ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់បណ្ដឹង ស្នើតុលាការកុំបន្ធូរបន្ថយទោស ជនឆបោកលុយគេជាង៣០លានដុល្លារ ក្រោមរូបភាពវិនិយោគ ដែលតុលាការឃុំខ្លួន កំពុងមានអ្នករត់ការដើម្បីដោះលែង

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានមួយបានលួចបង្ហើបពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្មីៗនេះថា បច្ចុប្បន្នជនជាប់ចោទឈ្មោះ ឈឺ យ៉ារី ភេទប្រុស អាយុ៣៤ឆ្នាំ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋប្រមាណ៣០លានដុល្លារ ក្រោមរូបភាពវិនិយោគ ហើយចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ននោះ ពេលនេះមានគេកំពុងរត់ការដើម្បីដោះលែងឲ្យនៅក្រៅឃុំ ។

ប្រភពដដែលបន្តថា ថ្មីៗនេះកំពុងមានគេរត់ការដើម្បីដោះលែង ឈ្មោះ ឈឺ យ៉ារី ដែលបោកលុយពលរដ្ឋក្នុងរូបភាពវិនិយោគ ឲ្យនៅក្រៅឃុំ ។ ប៉ុន្ដែមិនទាន់ដឹងថា ការរត់ការនេះទទួលបានជោគជ័យកម្រិតណានោះទេ ។ យ៉ាងណាក៏ដោយ ពាក់ព័ន្ធករណីនេះ ជនរងគ្រោះជាម្ចាស់បណ្ដឹង សំណូមពរដល់ស្ថាប័នតុលាការ កុំបន្ធូរបន្ថយលើករណីនេះ ព្រោះពួកគាត់ខាតបង់លុយកាក់អស់ជាច្រើនទៅលើជនល្មើសរូបនេះ ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កួយ សៅ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ ក្រោយឆបោកប្រាក់ពីប្រជាពលរដ្ឋ សរុបអស់ប្រមាណ៣០លានដុល្លារសហរដ្ឋអាមេរិក ក្រោមរូបភាពដាក់ប្រាក់វិនិយោគទិញភាគហ៊ុន នឹងទទួលបានផលចំណេញច្រើនត្រឡប់មកវិញ ។ ដោយជនជាប់ចោទ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាន ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើឈ្មោះ ឈឺ យ៉ារី អាយុ៣៤ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត បានអះអាងថា ការចាប់ខ្លួននេះក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងមានការបញ្ជាណែនាំពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើ បានប្រើល្បិចបញ្ចុះបញ្ចូលឲ្យជនរងគ្រោះជាច្រើននាក់ ដាក់ប្រាក់វិនិយោគលើការជួញដូរ រូបិយប័ណ្ណអន្ដរជាតិ (Forex Trading) ដោយអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់ ។ ប៉ុន្ដែក្រោយមក ជនសង្ស័យបានយកប្រាក់ហើយគេចខ្លួនបាត់ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងជាបន្ដបន្ទាប់ ៕ស តារា


ចែករំលែក៖