ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូម៉ាកឌូក មកបើកទ្វាររថយន្តគេចតចោលប្រុងលួចយកកាបូប ត្រូវម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលគេស្គាល់ថា ជាមន្រ្តីយោធាទំនងជាបែកថ្នាំ បានជិះម៉ូតូធុនធំស៊េរីទំនើបមួយគ្រឿងម៉ាកឌូក មកធ្វើសកម្មភាពបើកទ្វាររថយន្តគេបំរុងលួចយកកាបូបលុយ ខណៈដែលជនរងគ្រោះនិងមិត្តភក្តិជាច្រើនអ្នកទៀតកំពុងអង្គុយផឹកស៊ីនាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះលំនៅដ្ឋានសុភមង្គល តាមបណ្តោយផ្លូវលេខ១៩BT ហៅ (ផ្លូវតាផុន)សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

ជនសង្ស័យមានឈ្មោះ ឈឹម ឆៃយ័ន្ត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្រ្តីសិក្ខាកាមនាយទាហានសកម្ម រស់នៅភូមិ ចំរើនផល ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។ រីឯម្ចាស់រថយន្តសុំមិនបញ្ចេញឈ្មោះ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់មានគ្នា៤ទៅ៥នាក់ បានអង្គុយផឹកសុីជិតកន្លែងកើតហេតុ ខណៈកំពុងតែផឹកស៊ី ស្រាប់តែឃើញជនសង្ស័យម្នាក់ជិះម៉ូតូឌូក ពណ៌សលាយខ្មៅ ស្លាកលេខភ្នំពេញ1DB-0895 មកឈប់ក្បែររថយន្តរបស់គាត់ ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2AT.6137 ចតនៅកន្លែងកើតហេតុខាងលើ ។ ភ្លាមនោះជនសង្ស័យក៏ដើរមកជិតរថយន្តរបស់គាត់ដោយចង់ដឹងគាត់ក៏បើកឡុកសោទ្វាររថយន្តគាត់ ស្រាប់តែជនសង្ស័យក៏ទាញទ្វាររថយន្តរបស់គាត់ រួចចូលក្នុងបម្រុងលួចយកកាបូបលុយ ពួកគាត់ក៏ស្ទុះមកចាប់បាន ហើយក៏សួរនាំទៅជនសង្ស័យធ្វើដូចជាមិនដឹងអី(ធ្វើដូចជាមនុស្សបែកថ្នាំចឹង)ពេលសួរនាំម្តងឆ្លើយចេះ ម្តងឆ្លើយចុះ ។

ក្រោយឃាត់ខ្លួន ដោយមានការសង្ស័យខ្លាចជនសង្ស័យធ្វើជាបែកថ្នាំ ជនរងគ្រោះជាម្ចាស់រថយន្តបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យមកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ដើម្បីសួរនាំ និងដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការបន្តតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖