ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈកំពុងកូរចំណីត្រីធ្លាក់ចូលក្នុងខ្ទះ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ ដែលជាកម្មករចិញ្ចេឹមត្រីបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកព្រែកព្នៅ ខណៈដែលរូបគេបានធ្លាក់ចូលក្នុងខ្ទះកូរចំណីត្រីរងរបួសធ្ងន់ធ្ងរ កាលពី ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៩ ត្រង់ចំណុចស្រះចិញ្ចេឹមត្រីមួយកន្លែង ស្ថិតនៅក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

សពយុវជនរងគ្រោះឈ្មោះ ម៉ៅ ម៉េង ភេទប្រុស អាយុ ២០ ឆ្នាំ ជាជនជាតិខ្មែរ មុខរបរកម្មករចិញ្ចឹមត្រី ស្រុកកំណើតនៅភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ ។

តាមសម្តីឈ្មោះ ស៊ុយ ប៉ូ ភេទប្រុស អាយុ ៥៥ឆ្នាំ ត្រូវជាឪពុកធំជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកូរចំណីត្រី និងកម្មករ២នាក់ទៀត ក៏បាននាំគ្នាកូរចំណីត្រី ខណៈដែលម្នាក់កំពុងអូសរទេះ និងម្នាក់ទៀតចូកចំណីត្រី យកទៅឲ្យត្រីស៊ី ពេលនោះជនរងគ្រោះ គេសង្ស័យថា យកប៉ែលទៅកៀរចំណីត្រី ដែលនៅជាប់ បណ្ដាលឱ្យម៉ាស៊ីនកូរចំណីត្រី បោកក្បាលផ្ទប់ចូលក្នុងខ្ទះ គាបជាប់ក៏រងរបួសជាទម្ងន់ ហើយភ្លាមៗនោះ កម្មករ២នាក់ ក៏បាននាំគ្នា ពន្លត់ម៉ាស៊ីន ហើយដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ ដោយស្ថានភាពរបួសធ្ងន់ពេក ក៏បាន ស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកតែម្ដង ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅដាក់នៅវត្តព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដើម្បីធ្វើកោសល្យវិច័យ រកមូលហេតុពិតប្រាកដ ៕ អារុណរះ


ចែករំលែក៖