ប្រទេសប៊ុលហ្គារី៖ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុង សូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្គារីហើយ។
នៅដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់សមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការី ឯកឧត្តម ប៊ួយកូ បូរីសូវ (Boyko Borissov) នៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្គារី។ ក្នុងឱកាសបំពេញទស្សនកិច្ចនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការី បានអញ្ជើញធ្វើជំនួបកំពូលចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។
ក្នុងជំនួបកំពូលដ៏មានសារៈសំខាន់នោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្ការី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើវិស័យនានា នៃទំនាក់ទំនងទ្វេភាគី និងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងពិភពលោក ដែលជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានបង្ហាញពីការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ។
ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាលនិងប្រជាជនប៊ុលហ្គារី ដែលធ្លាប់បានផ្តល់ជំនួយ និងការគាំទ្រកម្ពុជាក្នុងអំឡុងពេលដ៏លំបាក បន្ទាប់ពីសង្រ្គាម និងរបបប្រល័យពូជសាសន៍ ពិសេសអរគុណចំពោះការបញ្ជូនកងកម្លាំងមួកខៀវ ប៊ុលហ្ការី ក្នុងប្រតិបត្តិការអ៊ុនតាក់នៅកម្ពុជា កាលពីដើមឆ្នាំ១៩៩០។ សម្តេចតេជោមានប្រសាសន៍បន្តថា ការបើកឲ្យដំណើរការឡើងវិញនូវស្ថានទូតកម្ពុជា នៅទីក្រុងសូហ្វីយ៉ាក្នុងឆ្នាំ២០១៩នេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ថាមវ័ន្តបន្ថែម ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្អែកលើគោលការណ៍ប្រយោជន៍រួម ការគោរពគ្នាទៅវិញទៅមកការទុកចិត្តគ្នាទៅវិញទៅមក និងភាពស្មើគ្នា និងទទួលស្គាល់ពីសារៈសំខាន់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច។
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស រវាងកម្ពុជា និងប៊ុលហ្គារី នឹងបានណែនាំឲ្យក្រសួងពាក់ព័ន្ធអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព និងផលិតភាព ដើម្បីពង្រីកវិសាលភាពនៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបច្ចុប្បន្នកំពុងមានកម្រិតទាបនៅឡើយ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបង្ហាញពីការពេញចិត្តចំពោះការចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ កាលពីឆ្នាំកន្លងទៅ ដែលសំដៅជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរអ្នកទេសចរណ៍រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានបង្ហាញពីការប្តេជ្ញា ចិត្តរបស់ខ្លួនក្នុងការពង្រីកលំហូរនៃអ្នកទេសចរណ៍រវាងប្រទេសទាំងពីរ និងការជួយគ្នាក្នុងការសម្របសម្រួលបញ្ហាទាក់ទិននឹងការផ្លាស់ប្តូរអ្នកទេសចរណ៍ នៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពគ្នាពង្រីកទំនាក់
ទំនងវប្បធម៌រវាងប្រទេសទាំងពីរ ដោយជំរុញឲ្យមានការផ្លាស់ប្តូរវប្បធម៌ចម្រុះ រវាងប្រជាជននៃប្រទេសទាំងពីរ និងបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកម្មវិធី ស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ រវាងក្រសួងវប្បធម៌ប៊ុលហ្ការី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២១។
សម្រាប់វិស័យអប់រំ ភាគីទាំងពីរបានផ្តល់នូវការអភិវឌ្ឍធនធានមនុស្សនៃប្រទេសទាំងពីរ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនប៊ុលហ្គារី ដែលកន្លងមកបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប៊ុលហ្គារី និងសង្ឃឹមថា មានអាហារូបករណ៍បន្ថែមទៀត ដល់សិស្ស និស្សិតកម្ពុជានាពេលអនាគត ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានគាំទ្រដល់ទំនាក់ទំនងរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយនិងសាកលវិទ្យាល័យសូហ្វីយ៉ា ដែលអាចជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការវាងកម្ពុជា និងប៊ុលហ្ការី។
ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរាបជូនដល់សមភាគីប៊ុលហ្គារីថា រដ្ឋសភាកម្ពុជាទើបតែបានបង្កើតក្រុមមិត្តភាពសភា កម្ពុជា-ប៊ុលហ្ការី ក្នុងគោលបំណងផ្តើមឲ្យមានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ជាពិសេសភាគីទាំងពីរបានឯកភាពគាំទ្រឲ្យមានទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរផងដែរ។
ក្នុងជំនួបគ្នានេះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីប៊ុលហ្គារី បានបង្ហាញពីជំនឿទុកចិត្ត ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅសាធារណរដ្ឋប៊ុលហ្គារីដែលបានរួមចំណែកក្នុងការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ រវាងកម្ពុជា និងប៊ុលហ្គារីក្នុងបណ្តាឆ្នាំខាងមុខ។ ក្នុងជំនួបគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តីប៊ុលហ្គារី បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។ ឯកឧត្តមនាយករដ្ឋមន្រ្តី ប៊ុលហ្គារីបានទទួលយកនូវការអញ្ជើញនេះ ប្រកបដោយសេចក្តីសាមនស្សរីករាយបំផុត៕