ភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពី យុវជនម្នាក់ស្រែកឡូឡាថាគ្រូចូលមកសន្ធិតក្នុងខ្លួននិយាយជាង២ម៉ោង ទើបឪពុកម្តាយដឹកយកទៅមន្ទីរពេទ្យ ខណៈដែលជននេះស្រវឹងស្រាជិះម៉ូតូដួលម្នាក់ឯង របួសបែកមុខបែកមាត់ហូរឈាមស្រោចពេញខ្លួន និងដោះខោអាវចោលអស់នៅសល់តែខោលីអូ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុងបឹងកក់ នៅចំណុចក្រោយមន្ទីរពេទ្យកាល់ម៉ែត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
យុវជនរូបនេះមានឈ្មោះ យន ម៉ានី អាយុ២៥ឆ្នាំ ស្នាក់នៅម្តុំទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HN6142 ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងតាមបណ្តោយផ្លូវបេតុងពីលិចទៅកើត ដល់ចំណុចកើតហេតុខាងលើនេះមិនដឹងថា គាត់ទើបតែចេញមកពីផឹកស៊ីនៅទីណានោះទេ បានជាជិះម៉ូតូក្នុងស្ថានភាពស្រវឹង រួចជិះម៉ូតូអូសជើងម្ខាងមកដួលម៉ូតូនៅក្នុងបឹងកក់ បណ្តាលឱ្យបែកមុខបែកមាត់ប្រកាច់ពេញផ្លូវ និងស្រែកឡូឡានិយាយផ្តេសផ្តាស ថែមទាំងដោះសម្លៀកបំពាក់ចេញអស់នៅសល់តែខោលីអូ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាចោមរោមជាច្រើននាក់អស់រយៈពេលជិត២ម៉ោង នៅតែមិនទាន់ឈប់ទៀតនិយាយស្រែកឡូឡាទៀត ដោយសង្ស័យថា មានរូបចូលមកសន្ធិត។
ប្រភពដដែលបន្តទៀតថា ក្រោយមកដោយឃើញស្ថានភាពបែបនេះ ទើបធ្វើឲ្យម្តាយឪពុកបានយកធូប និងផ្លែឈើ មកអុចធូបសែនដើម្បីកុំឱ្យគ្រូចូលខ្លួនកូនប្រុសគាត់ទៀត ហើយបានអ្នកភូមិជួយនិយាយម្នាក់មួយម៉ាត់ ទើបព្រមឡើងម៉ូតូតាមឪពុកនិងម្តាយជិះចេញទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាលម៉ែត ៕ស រស្មី