ភ្នំពេញ៖ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ និងអនុវត្តគោលនយោបាយភូមិ_សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរលើផ្លូវជាតិលេខ១ និងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខណ្ឌ ។
ជាក់ស្តែងនៅយប់ថ្ងៃ១៦ ខែតុលា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោក រស់ សុភក្តិ អភិបាលរងខណ្ឌ បានដាក់កម្លាំងចម្រុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅលើផ្លូវជាតិលេខ១ ចំនុចមុខស្ថានីយប្រេង PTT ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ក្នុងយុទ្ធនាការនេះដែរកម្លាំងចម្រុះសរុបចំនួន៤២នាក់ ក្នុងនោះកម្លាំងកងរាជអាវុធហត្ថ៧នាក់ កម្លាំងនគរបាលខណ្ឌចំនួន១៣នាក់ កម្លាំងមន្ត្រីនិងសណ្តាប់ធ្នាប់ខណ្ឌ ចំនួន១៥នាក់ និងកម្លាំងប្រជាការពារសង្កាត់ចំនួន៧នាក់ ។ ជាលទ្ធផលកម្លាំងចម្រុះបានត្រួតពិនិត្យរថយន្ត១២គ្រឿង ត្រួតពិនិត្យអ្នកជិះម៉ូតូជាង២០០គ្រឿង អប់រំអ្នកជិះម៉ូតូអត់ដាក់កញ្ចក់ អត់ពាក់មួកសុវត្ថិភាព ជាង៣០នាក់ តែមិនបានធ្វើការផាកពិន័យនោះ ។
សូមបញ្ជាក់ថា យុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះនេះ គណៈបញ្ជាការឯកភាពខណ្ឌបានអនុវត្តក្នុង១សប្តាហ៍យ៉ាងតិចក៍៤ដងដែរនៅគ្រប់ផ្លូវទាំងអស់ក្នុងភូមិសាស្ត្រខណ្ឌ សំដៅធ្វើយ៉ាងណារួមគ្នាអនុវត្តគោលនយោបាយ “ ភូមិ-សង្កាត់ មានសុវត្ថិភាព “ អោយមានប្រសិទ្ធភាព៕ សណ្តោស