ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានបញ្ជាក់ថា សង្គ្រាមវាយប្រហារ របស់ប្រទេសតួកគី ទៅលើទឹកដីស៊ីរី មិនមែនជារឿងរបស់ទីក្រុងវ៉ាស៊ីនតោននោះឡើយ។ ជាមួយគ្នានោះ លោកក៏បានថ្កោលទោស ដល់ការចោទប្រកាន់ថាលោកបានបើកភ្លើងខៀវ ឲ្យតួកគីវាយប្រហារជនជាតិឃឺដ ។
កាលពីថ្ងៃទី១៦ ខែតុលា ប្រធានាធិបតីត្រាំ បានបញ្ជាក់ថា យើងមិនមែនជាអ្នករក្សាសណ្តាប់ធ្នាប់នោះឡើយ ដល់ពេលដែលយើងត្រូវត្រឡប់ទៅផ្ទះវិញហើយ។ ការបញ្ជូនទាហានទៅវាយប្រហារស៊ីរីរបស់តួកគីនោះគឺជារឿង របស់រដ្ឋាភិបាលទីក្រុង អែនការ៉ា និង ដាម៉ាកាស មិនមែនជារឿងរ៉ាវអាមេរិកឡើយ។
ចំណែកនៅក្នុងសេតវិមានវិញ លោក ដូណាល់ ត្រាំ ខឹងសម្បាយ៉ាងខ្លាំង ក្រោយបក្សប្រជាធិបតេយ្យ ដើរចេញពីកិច្ចប្រជុំ។ នៅក្នុងកិច្ចប្រជុំស្តីពីបញ្ហាស៊ីរី រវាង ប្រធានាធិបតី ដូណាល់ ត្រាំ និងបណ្តាថ្នាក់ដឹកនាំ គណបក្សប្រជាធិបតេយ្យ ត្រូវផ្អាកពាក់កណ្តាលផ្លូវក្រោយពេលដែល មេដឹកនាំគណបក្សប្រជាធិបតេយ្យដើរចេញពីកិច្ចប្រជុំ ធ្វើឲ្យប្រធានាធិបតីដូណាល់ ត្រាំ ខឹងសម្បាយ៉ាងខ្លាំង។
កិច្ចប្រជុំខាងលើកើតឡើង ក្រោយពេល សភា បោះឆ្នោតអនុម័ត កាលពីថ្ងៃទី១៦ ខែតុលា ទៅលើសេចក្តីសម្រេច ប្រឆាំងការដកទាហានចេញពីស៊ីរី របស់ប្រធានាធិបតី ដូណាល់ត្រាំ។
ឆ្លើយតបទៅនឹងបទសម្ភាសន៍ ក្រោយកិច្ចប្រជុំ បរាជ័យជាមួយលោកត្រាំ តំណាងរាស្ត្រ ប្រជាធិបតេយ្យ បានបញ្ចាក់ថា ពួកគាត់បានចាកចេញដោយសារតែ លោកត្រាំមិនអាចរក្សា ការអត់ធ្មត់បាននៅក្នុងកិច្ចប្រជុំ ។
លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យ នៅក្នុងព្រឹទ្ធសភា អាមេរិក បានឲ្យដឹងថា «លោកត្រាំ ប្រើពាក់សំដី ធ្ងន់ៗ ដាក់ ប្រធានរដ្ឋសភា លោកស្រី Nancy Pelosi។ ប៉ុន្តែ លោកស្រីPelosi រក្សាការអត់ធ្មត់បានល្អ តែលោកត្រាំវិញ នៅតែមិនអាចអត់ធ្មត់ «ច្រងេងច្រងាង»ពេញបន្ទប់ប្រជុំ។ លោកត្រាំបានវាយប្រហារ ដោយមិនមានមូលដ្ឋានច្បាស់លាស់»។
តាមសារព័ត៌មាន CNN បានផ្សាយថា គណបក្សប្រជាធិបតេយ្យ និង រដ្ឋាភិបាល របស់លោកត្រាំ មានវិវាទកាន់តែខ្លាំង ក្រោយពេល ព្យាយាមស្រាវជ្រាវចោទប្រកាន់ទោស លោកត្រាំ ។
នេះមិនមែនជាលើកទីមួយឡើយដែល កិច្ចពិភាក្សារវាង តំណាងរាស្ត្រ គណបក្សប្រជាធិបតេយ្យ និង ប្រធានាធិបតី ដូណាលត្រាំ ត្រូវបញ្ចប់ពាក់កណ្តាលផ្លូវ។ កាលពី ខែមករា ឆ្នាំ២០១៩ ប្រធានាធិបតីដូណាល់ ត្រាំ ក៏បានបោះបង់ កិច្ចប្រជុំពាក់កណ្តាលផ្លូវ ពេលភាគីទាំងពីរ ពិភាក្សាស្តីពីការបញ្ចប់ បិទទ្វាររដ្ឋាភិបាល។ ពេលនោះលោកត្រាំទាមទារ ចំណាយប្រាក់ សាងសង់ជញ្ជាំងព្រំដែន តែ គណបក្សប្រជាធិបតេយ្យមិនព្រំ ។
ពាក់ព័ន្ធនឹងសកម្មភាពដាក់ទណ្ឌកម្មទៅលើប្រទេសតួកគីពីសំណាក់ សហគមន៍អឺរ៉ុប ក្នុងនោះមានការឈប់លក់អាវុធទៅឲ្យប្រទេសតួកគី ។នៅពេលនេះសហភាពអឺរ៉ុបគ្មានជំហររួម រឿងផ្អាកលក់អាវុធទៅឱ្យតួកគីនោះឡើយ។
រាល់គ្រប់ប្រភេទអាវុធដែលគេអាចយកទៅប្រើក្នុងប្រតិបត្តិការយោធានៅស៊ីរី នឹងមិនត្រូវទទួលការអនុញ្ញាតឱ្យនាំចេញទៅតួកគីទេ ! ការលក់អាវុធយុទ្ធភ័ណ្ឌ ទៅឱ្យតួកគី ត្រូវផ្អាកមួយរយៈ ! នេះជាសេចក្តីសម្រេចរបស់ អង់គ្លេស អេស្ប៉ាញ កាណាដា នៅល្ងាចថ្ងៃអង្គារម្សិលមិញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការជាឯកតោភាភីរបស់តួកគីនៅភាគខាងជើងស៊ីរី។ តាំងពីប៉ុន្មានថ្ងៃមក ប្រទេសជាសមាជិកសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ម្តងម្នាក់ៗជាបន្តបន្ទាប់និងដាច់ដោយឡែកពីគ្នា ប្រឆាំងនឹងទង្វើរបស់តួកគីនៅស៊ីរី។
គ្មានទេជំហររួម ! គ្មានទេសេចក្តីថ្លែងការណ៍អឺរ៉ុបសម្រេចជាធ្លុងមួយទាក់ទងនឹងការនាំអាវុធចេញទៅប្រទេសតួកគី ! រដ្ឋជាសមាជិកសហភាពអឺរ៉ុប បានត្រឹមតែបង្ហាញជំហរ និងការប្តេជ្ញាចិត្ត ដាច់ខាតថ្នាក់ជាតិតែប៉ុណ្ណោះ។ គឺប្រទេសនីមួយៗ ត្រូវសម្រេចចិត្តដោយខ្លួនឯង និងតែម្នាក់ឯង ថាតើត្រូវផ្អាកការលក់អាវុធទៅឱ្យតួកគីឬអត់។
ប្រទេសន័រវេស ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុបទេ តែជាសម្ព័ន្ធមិត្តរបស់តួកគីក្នុងនាមជាសមាជិកសម្ព័ន្ធអូតង់ បានសម្រេចចិត្តព្យួរការនាំអាវុធទៅតួកគីមុនគេបង្អស់។ បន្ទាប់មកគឺប្រទេសហូឡង់ ដែលតាំងពី ថ្ងៃសុក្រមកបានអំពាវនាវឱ្យសមាជិកសហភាព ទាំងឡាយប្រកាន់ជំហរតាម។ មិនបង្អង់ ស្អែកឡើងត្រូវនឹងថ្ងៃទី ១២ តុលា ២០១៩ បារាំងនិងអាល្លឺម៉ង់ បានប្រកាសរួមគ្នាផ្អាកការលក់អាវុធយុទ្ធភណ្ឌទៅឱ្យអង់ការ៉ា។
គេត្រូវរង់ចាំដល់ថ្ងៃអង្គារទី ១៤តុលា ទើបឃើញ អង់គ្លេស អេស្ប៉ាញនិងអ៊ីតាលី ដែលជាប្រទេសអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់មួយរបស់តួកគី ព្រមធ្វើសេចក្តីសម្រេចចិត្ត ព្រមានតួកគី។ ប៉ុន្តែ ជាវិធានការដែលមានកំរិត ព្រោះប្រទេសទាំងបានសម្រេចត្រឹមតែកំរិតការនាំចេញនូវសព្វាវុធ និងសម្ភារៈយោធាមួយចំនួន ដែលអាចប្រើបានភ្លាមក្នុងប្រតិបត្តិការយោធារបស់តួកគីនៅភាគខាងជើងប្រទេសស៊ីរីពេលនោះប៉ុណ្ណោះ ! មិនមែនជាការដាក់ទណ្ឌកម្មឈប់លក់អាវុធឱ្យទេ។
ប៊ែលហ្សិកវិញ នៅកំពុងរារែក មិនទាន់សម្រេចជំហររបស់ខ្លួនបាននៅឡើយទេ។ រីឯស៊ុយអែត បានសម្រេចត្រឹមព្យួរតែការនាំចេញគ្រាប់រំសេវទេ។ កាណាដា ដែលធ្លាប់លក់អាវុធឱ្យតួកគីក្នុងទំហំ៨០លានអឺរ៉ូនៅឆ្នាំ២០១៨ ក៏បានសម្រេចផ្អាកការនាំចេញជាបណ្តោះអាសន្នដែរតែភាគច្រើនជាសម្ភារៈយោធា។
ទាក់ទងនឹងការដាក់ទណ្ឌកម្មលើតួកគីវិញ សហភាពអឺរ៉ុបក៏មិនបានរកឃើញកិច្ចព្រមព្រៀងរួមដែរ។ តែតួកគី បានឆ្លើយផ្គើនជាមុនស្រេចថា នឹងបន្តប្រតិបត្តិការយោធានៅស៊ីរីរហូតបានសម្រេចកម្មវត្ថុយកឈ្នះលើពួកភេរវជននៅតាមព្រំដែន ទោះបីពិភពលោកគាំទ្រឬមិនគាំទ្រ និងដាក់ទណ្ឌកម្មយ៉ាងណាក៏ដោយ៕