ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌជ្រោយចង្វាប្រើវិធានការរដ្ឋបាលរុះរើសំណង់អនាធិបតេយ្យលើដីកម្មសិទ្ធិរបស់លោកប៊ុន ជេស្ន

ចែករំលែក៖

ភ្នំពេញ ៖ លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វា ចុះអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់អនាធិបតេយ្យដែលនៅសេសសល់ លើចំណុចដីឡូតិ៍របស់ឈ្មោះ ប៊ុនជេស្ន ដែលមានទំហ៊ុំ៦០០ម៉ែត្រការ៉េ ដែលធ្លាប់ជាទីតាំងប្រមូលផ្តុំក្នុងការប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងត្រូវបានកម្លាំងគណៈបញ្ជាការរដ្ឋបាលខណ្ឌបង្ក្រាបបាននាពេលកន្លងមក។

ការរុះរើតាមវិធានការរដ្ឋបាលនេះធ្វើនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតជាប់វត្តប្រជុំសាគរហៅវត្តថ្មីនៅភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោក កៅសារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វា បានឲ្យដឹងថា មុននឹងឈានដល់ការអនុវត្តវិធានការរដ្ឋបាលចុះរុះរើនេះ រដ្ឋបាលខណ្ឌជ្រោយចង្វាបានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលបានសាងសង់ខ្ទម និងរស់នៅទីតាំងខាងលើចំនួន ២ដង រួចមកហើយ ដោយតម្រូវឲ្យធ្វើការរុះចេញដោយស្ម័គ្រចិត្ត ប៉ុន្តែមានតែប្រជាពលរដ្ឋចំនួន ៣គ្រួសារប៉ុណ្ណោះ ដែលរុះរើចេញ ហើយនៅសេសសល់ជិត១០គ្រួសាររឹងរូសមិនព្រមអនុវត្តតាមការណែនាំឡើយ ទើបរដ្ឋបាលខណ្ឌសម្រេចអនុវត្តវិធានការរដ្ឋបាលនេះតែម្តង។

លោកបន្តថា ការរុះរើសំណង់ខ្ទមមិនរៀបរយនេះ គឺទី១ដោយសារអាជ្ញាធរខណ្ឌបានចុះធ្វើបាលនៅចំណុចខាងលើកន្លងទៅបានចាប់ឃាត់ខ្លួនជនពាក់ពន្ធ័ នឹងគ្រឿងញៀនជិត១០នាក់ ពោលគឺតំបន់នេះជាតំបន់ស្មុគ្រស្មាញ និងជាទីតាំងប្រមូលផ្តុំចែកចាយគ្រឿងញៀន ហើយយើងរុះរើសំណង់អនាធិបតេយ្យចេះនេះ គឺដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញទីនោះ ហើយក៏មានការអបអរសាទរពីប្រជាពលរដ្ឋម្តុំនោះផងដែរ ។ ទី២ដោយសារមានការស្នើសុំពីម្ចាស់ដីឲ្យអាជ្ញាធរខណ្ឌជួយដេញសំណង់មិនរៀបរយនេះចេញពីលើដីរបស់គាត់ ។

លោកប៊ុនជេស្ឋ បានឲ្យដឹងថា ដីនេះមិនមែនជាដីគាត់ទេគឺជាដីរបស់លោក លីអេរ៉ូ ជាមិត្តភក្តិរបស់គាត់ ហើយគាត់ជាអ្នកទិញឲ្យយូរឆ្នាំមកហើយ មានទំហ៊ុំប្រហែល៥០០ទៅ៦០០ម៉ែត្តការ៉េ ដើម្បីទុកធ្វើចេតីឬម៉ុងខ្មោចព្រោះវានៅជិតវត្តថ្មី ក្រោយមកគណៈកម្មការអាចារ្យវត្ត និងព្រះសង្ឃ បានដេញបងប្អូនប្រជាពលរដ្ឋក្រីក្រដែលរស់នៅក្នុងវត្តថ្មីនោះចេញ ហើយពេលនោះពួកគាត់គ្មានកន្លែងរស់នៅក៏មកនៅលើដីនេះតែម្តង ៕ ជ្រោយពេជ្រ


ចែករំលែក៖