ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសទើបតែរៀនដើរតេះតះ ឪពុក ម្តាយ ទុកឲ្យយាយមើលចេញទៅធ្វើស្រែ ប្រហែសតែមួយភ្លែតកូនជាទីស្រឡាញ់ បានដើរទៅទឹកស្រះមុខផ្ទះបណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចមុខផ្ទះ ក្នុងភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កុមារាដែលលង់ទឹកស្លាប់នោះ មានឈ្មោះ សឹង វ៉ាត់ អាយុ ១៧ខែ ឪពុកឈ្មោះ ភា វ៉ាន់ អាយុ៣៦ឆ្នាំ ម្ដាយឈ្មោះ ធឿន សុធេន អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោករ័ត្នដាស៊ីណង់ បញ្ជាក់ឲ្យដឹងថា បើតាមការអះអាងរបស់ក្រុមគ្រួសារ បាននិយាយថា នៅមុនពេលកើតហេតុនោះ ឪពុក ម្តាយក្មេងប្រុសនោះ បានចេញពីផ្ទះទៅធ្វើស្រែ ហើយទុកកូនឲ្យម្តាយមើល នៅម៉ោង ជាង២នោះ ម្តាយបានដើរទៅមុខផ្ទះ ដាក់បាយជ្រូក ស្របពេលនោះចៅបានដើរតាមក្រោយ ហើយបានចុះទឹកស្រះលង់ស្លាប់តែម្តង។ ពេលយាយមកពីដាក់បាយជ្រូកវិញមិនឃើញចៅដើររកជុំវិញផ្ទះមិនឃើញសង្ស័យចុះរាវក្នុងស្រះប្រទះឃើញចៅស្លាប់បាត់ទៅហើយ ក៏បីយកមកដាក់ផ្ទះ។ ពេលដែល ឪពុក ម្តាយមកពីធ្វើស្រែវិញបានត្រឹមតែអង្គុលមើលមុខកូនយំស្ទើរគាំងបេះដូងស្លាប់តែប៉ុណ្ណោះ ហើយបានរៀបចំធ្វើបុណ្យតាមប្រពៃណី។
ក្នុងនោះលោកអភិបាលស្រុកបានអំពាវនាវដល់ ឪពុកម្ដាយ អាណាព្យាបាលទាំងអស់មេត្តាមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅតូចៗផង៕សំ វិច្ឆិកា