ខេត្តកណ្ដាល ៖ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានទទួលពាក្យបណ្តឹងពីស្រ្តីម្នាក់ឲ្យសុំជួយរកយុត្តិធម៌និងធ្វើអន្តរាគមន៍ដល់រូបនាងលើករណីប្តីមិនទាន់រៀបការ ដែលជាមន្ត្រីនគរបាលផ្នែកបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពីបទមនុស្សឃាតដោយចេតនា និងហិង្សាមានស្ថានទម្ងន់ទោស ដោយវាយនាងរហូតរលូតកូនអាយុ៤ខែចេញពីផ្ទៃ។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ាង ស្រីល័ក្ខ អាយុ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសុកុំផ្ញើ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានប្តឹងឈ្មោះ ជិន ជឿន ភេទប្រុស ជាមន្ត្រីបម្រេីការងារនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក មានទីលំនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ ។
ស្រ្តីរងគ្រោះរៀបរាប់ថា កាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទីយប់ ឈ្មោះ ជិន ជឿន ដែលជាប្ដីរស់នៅដំបូលផ្ទះតែមួយ (ដោយមិនទាន់បានរៀបការ) បានប៉ុនប៉ងធ្វើឃាត និងហិង្សាមានស្ថានទម្ងន់មកលេីរូបនាង បណ្តាលឱ្យរលូតកូននៅក្នុងផ្ទៃរបស់ ដែលកំពុងពពោះ៤ខែ។ នាងបានស្នេីសុំលោកស្នងការនគរបាល ខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៌ និងចាត់វិធានការតាមផ្លូវច្បាប់ ។
ក្រៅពីដាក់ពាក្យបណ្តឹង ស្រ្តីរងគ្រោះបានបង្ហាញរូបថតនាងដេកពេទ្យ អត្តសញ្ញាណបណ្ណរបស់ជនសង្ស័យ និងសំបុត្រដេកពេទ្យ ជូនសមត្ថកិច្ចជ្រាបផងដែរ ។
ក្នុងករណីចោទប្រកាន់ខាងលើនេះ ភ្នាក់ងារកាសែតនគរវត្ត នៅព្រឹកថ្ងៃទី១៩ខែ តុលា ឆ្នាំ២០១៩ នេះ នៅពុំទាន់សុំការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានទេ ៕ ប្រាថ្នា