ខេត្តរតនគិរី ៖ ក្មេងប្រុសពីរនាក់បងប្អូនដើរ រើសខ្យងនៅមាត់ស្រះទឹក ក៏រអឹលជើងដោយខ្លួនឯងធ្លាក់ ចូលលង់ស្លាប់យ៉ាងអាណោចអាធ័មបំផុត ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចទឹកស្រះក្រោយផ្ទះ របស់ឈ្មោះ ឆុន ភារ៉ា ខាងត្បូងសាលាឃំុឯកភាព ចម្ងាយប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះ ទី១ -ឈ្មោះ ផេត ចិត្ត ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ ។ ២-ឈ្មោះ ផេត យុត ភេទប្រុស អាយុ៧ឆ្នាំ ជនជាតិខ្មែរ ទាំងពីរនាក់ ជាសិស្សមានទីលំនៅភូមិ ប៉ាអរ ឃុំឯកភាព ស្រុកអូរជំុ ខេត្តរតនគិរី ។
ប្រភពបន្តតាមការសន្និដ្ឋាន របស់សមត្ថកិច្ចថា ក្មេងៗទាំងពីរនាក់បងប្អូន បាននាំគ្នដើររើសខ្យងតាម មាត់ស្រះ ក្នុងខណៈនោះ ក្មេងតូចជាប្អូនបានរអិលជើងធ្លាក់ចូលក្នុងទឹកស្រះនោះមុន ហើយក្មេងរងគ្រោះ ជាបងឃើញ ក៏ហក់លោតទៅជួយរួចក៏លង់ទឹកស្លាប់ទាំង២នាក់តែម្តង ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ឃុំឯកភាព ក៏បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ រួចបានចុះជួយរាវរកឃើញថា ក្មេងៗពិតជាបានលង់ទឹកស្លាប់យ៉ាងពិតប្រាកដមែន ។
កម្លាំងប៉ុស្តិ៍រដ្ឋបាល ក៏បានប្រគល់សាកសពឱ្យក្រុមគ្រួសារអាណាព្យាបាលធ្វើបុណ្យតាមប្រពៃណី ៕ជីវ័ន្ត