ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញជំរុញ បានឯកភាពឲ្យមានការបង្កើនការយកចិត្តទុកដាក់ ក្នុងការគាំពារថែរក្សា ផ្តល់តម្លៃនិងលើកទឹកចិត្តចំពោះមនុស្សចាស់ដែលជាប្រភពនៃបទពិសោធន៍មិនចេះរីងស្ងួត សម្រាប់មនុស្សវ័យក្មេងជំនាន់បច្ចុប្បន្ននិងតទៅជំនាន់ក្រោយៗទៀត ។
ក្នុងពិធីអបអរសាទរខួបលើកទី២១ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ កាលរសៀល ថ្ងៃចន្ឌ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២១ តុលា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអៈអាងថា ការគាំទ្រសុខុមាលភាពមនុស្សចាស់គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជាសំដៅធ្វើយ៉ាងណាឱ្យមានការចូលរួមកាន់តែប្រសើរឡើងចំពោះការលើកស្ទួយសុខុ មាលភាពនិងការផ្តល់ភាពកក់ក្តៅបន្ថែមទៀតជូនមនុស្សចាស់។
លោក បន្តថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាជានិច្ចកាលសម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតែងបានផ្តល់ក្តីអាណិតស្រឡាញ់យកចិត្តទុកដាក់ផ្តល់តម្លៃនិងគិតគូរពីសុខទុក្ខរបស់បងប្អូនមន្ត្រីរាជការនិវត្តន៍ជនជារៀមច្បងនិងមនុស្សចាស់ទាំងអស់ដូចអ្វីដែលរាជរដ្ឋាភិបាលនិងសង្គមជាតិយើងបានផ្តល់តម្លៃយ៉ាងធំធេងតាមរយៈការកំណត់យកថ្ងៃទី១ខែតុលាជាថ្ងៃប្រារព្ធទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិជារៀងរាល់ឆ្នាំ។
លោក ឃួង ស្រេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំពារថែរក្សាផ្តល់តម្លៃនិងលើកទឹកចិត្តចំពោះមនុស្សចាស់ដែលជាប្រភព នៃបទពិសោធន៍មិនចេះរីងស្ងួតសម្រាប់មនុស្សវ័យក្មេងជំនាន់បច្ចុប្បន្ននិងតទៅជំនាន់ក្រោយៗទៀត។
លោកបន្ថែមថា ការបង្កើនកិច្ចគាំពារដល់មនុស្សចាស់នេះ ដើម្បី រំលឹកដល់គុណូបការៈចំពោះបងៗជាមន្ត្រីរាជការនិវត្តន៍ជនទាំងអស់ដែលធ្លាប់បានចូលរួមចំណែកស្តារកសាងនិងអភិវឌ្ឍន៍រាជធានីភ្នំពេញក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមករហូតសម្រេចបាននូវស្នាដៃនិងសមិទ្ធផលជាច្រើនឥតគណនា។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ មនុស្សចាស់កំណត់ត្រឹមអាយុ៦០ឡើងទៅ។ មនុស្សចាស់ជាឃ្លាំងបទពិសោធល្អៗសម្រាប់កូនចៅជំនន់ក្រោយដោយនៅរាជធានីភ្នំពេញមានមនុស្សចាស់សរុបចំនួន១៤៦៥៩៩នាក់។
លោកស្រីថា៖ រាជធានីភ្នំពេញបានចងក្រងជាសមាគមន៍មនុស្សចាស់តាំងពីឆ្នាំ២០១០មកម្លេះប៉ុន្តែមិនបានគ្រប់សង្កាត់នូវឡើយ។ តែសម្រាប់ឆ្នាំ២០១៩នេះក្រោមការសហការជាមួយអាជ្ញាធរមូលដ្ឋានមន្ទីរបានកសាងសមាគមននេះបានគ្រប់ចំនួនហើយនៅខណ្ឌនីមួយៗនិងបានជួយឧបត្ថមពួកគាត់ជាបន្តបន្ទាប់មិនថាសម្ភារៈនិងថវិការទទួលបានភាពកក់ក្តៅមិនឯកកោ។
សូមបញ្ជាក់ថា តាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់និងស្ថិតិរបស់ក្រសួងផែនការបានបង្ហាញឱ្យឃើញថាចំនួនមនុស្សវ័យចាស់ក្នុងឆ្នាំ២០១៧មានអត្រាកើនឡើង ប្រមាណ៧,២ ភាគរយនិងមាននិន្នាការកើនឡើងបន្ថែមទៀតនៅចន្លោះឆ្នាំ២០២០–២០៣០ក្នុងអត្រាប្រ មាណ៤ភាគរយ ក្នុងមួយឆ្នាំខណៈពេលដែលមនុស្សវ័យក្មេងមានអត្រាកើនឡើងត្រឹមតែ១ ភាគរយ ក្នុងមួយឆ្នាំ។
តាមការព្យាករណ៍បានឲ្យដឹងទៀតថាចំនួនមនុស្សវ័យចាស់នៅកម្ពុជានឹងកើនឡើងដល់ប្រមាណ២លាននាក់ស្មើនឹង១១ ភាគរយ នៃប្រជាជនសរុប១៨លាននាក់នៅឆ្នាំ២០៣០ដែលនេះគឺជាសារមួយដ៏មានសារៈសំខាន់តម្រូវឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវបន្តរួមគ្នាគិតគូរយកចិត្តទុកដាក់អំពីយន្តការដើម្បីគាំពារផ្តល់ភាពកក់ក្តៅទាំងផ្លូវកាយនិងផ្លូវចិត្តជូនដល់មនុស្សវ័យចាស់ជៀសវាងទុកពួកគាត់ឱ្យនៅឯកានិងគ្មានការផ្តល់តម្លៃណាមួយនោះ៕ សំរិត