ភ្នំពេញ ៖ បុរសអ្នកលក់ដូងម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលដោយសារខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ។ ហេតុការណ៍ភ្ញាក់ ផ្អើលខាងលើនេះកើត ឡើងកាលពីវេលា ម៉ោង ៧ និង ១៥ នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្សារដីថ្មីភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ស៊ឹម វណ្ណា ភេទប្រុសអាយុ ៥២ ឆ្នាំមុខរបរ លក់ដូង ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិត្រពាំងខ្មែល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្ដកំពត ។
បើតាមប្ដីកូនប្រុសបង្កើតរបស់ជនរងគ្រោមានឈ្មោះ ស៊ឹម លីហ៊ី ភេទប្រុសអាយុ១៩ ឆ្នាំ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង ២០ និង ០០នាទីឈ្មោះ ស៊ឹម វណ្ណា(ជនរងគ្រោះ) ត្រូវជាឪពុករបស់ខ្លួន បានចូលដេកធម្មតា ហើយខ្លួនក៏បានឡើងទៅដេកជាមួយឪពុកដែរ លុះដល់វេលាម៉ោង ៦ និង ៣០នាទីព្រឹកខ្លួនបានក្រោកឡើងទៅរៀន ស្រាប់តែមិនឃើញឪពុកក្រោកទៅលក់ដូងខ្លួនបានឡើងទៅដាស ប៉ុន្ដែដាសមិនក្រោកទើបដឹងថា ឪពុកស្លាប់ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុភ្លាមៗតែម្ដង ។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុក៏បានទាក់ទងសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យខណ្ឌឲ្យចុះមកពិនិត្យសាក សពរួចក៏បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ខ្យល់គរ ពិតប្រាកដមែន មិនពាក់ព័ន្ធករណីអ្វីផ្សេងនោះទេ ។ ក្រោយពីពិនិត្យចប់សពគ្រប់ហើយនោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ