ប្រទេសថៃ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារព័ត៌មានBBC បានឲ្យដឹងថា អ្នកម្នាង សៃនីណាត វង្សវិជ្ជរ៉ាផេកឌី (Sineenat Wongvajirapakdi) ដ៏ស្រស់សោភារបស់ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ដែលធ្លាប់ធ្វើឱ្យរាស្ត្រទាំងពួងមានការភ្ញាក់ផ្អើលកន្លងមកតាមរយៈភាពអស្ចារ្យនៃការ លោតឆត្រយោង បាញ់កាំភ្លើង និងបើកយន្តហោះនោះ ពេលនេះបានជួបនូវរឿងនឹកស្មានមិនដល់ដោយសារតែតំណែងជាអ្នកម្នាងរបស់ខ្លួនត្រូវបានព្រះមហាក្សត្រថៃដកហូត ។
ប្រភពបានឲ្យដឹងថា ថ្មីៗនេះព្រះមហាក្សត្រថៃព្រះបាទ Maha Vajiralongkorn បានដកហូតតំណែង និងតួនាទី ទាំងអស់ក្នុងនោះរួមមានទាំងគោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) របស់អ្នកម្នាងរូបនេះចេញដោយសារតែ ឥរិយាបថមិនល្អ និងភាពមិនស្មោះត្រង់នឹងព្រះមហាក្សត្រ ។
យោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងទៀតថា សេចក្តីប្រកាសជាផ្លូវការមួយរបស់រាជវាំងថៃ បាននិយាយថាអ្នកម្នាង Sineenat Wongvajirapakdi មាន «មហិច្ឆតា» ហើយបានព្យាយាម «លើកខ្លួនឯងឲ្យដូចគ្នានឹងឋានៈរបស់ម្ចាស់ក្សត្រី សុធីតា (Suthida)» ។
សេចក្តីថ្លែងការណ៍ពីព្រះបរមរាជវាំងក៏បានឲ្យដឹងដែរថា «អាកប្បកិរិយារបស់អ្នកម្នាងរូបនេះត្រូវបានគេចាត់ទុកថាមិនបានគោរពដល់រាជវង្ស» ។ អ្នកម្នាង Sineenat Wongvajirapakdi ត្រូវបានតែងតាំង និងត្រូវបានផ្ដល់គោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) នៅខែកក្កដា បានត្រឹមតែពីរខែប៉ុណ្ណោះបន្ទាប់ពីព្រះរាជាបានរឪបអភិសេកជាមួយម្ចាស់ក្សត្រី Suthida ដែលជាមហេសីទីបួនរបស់ព្រះអង្គ ៕ ប្រាថ្នា