ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបរថយន្តបាឡែន លួចដឹកឈើប្រណីតមួយគ្រឿងប្រគល់ឲ្យជំនាញ

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តកាមរីបាឡែនមួយគ្រឿង លួចដឹកជញ្ជូនឈើខុសច្បាប់ហើយ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះស្ទាក់បង្ក្រាបយកមករក្សារទុកនៅរដ្ឋបាលព្រៃឈើ ។

ប្រតិបត្តិការចុះស្ទាក់ចាប់រថយន្តមួយគ្រឿងខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃច័ន្ច ៨ រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតនៅក្នុងភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ។

សមត្ថកិច្ចដែលចុះបង្ក្រាបផ្ទាល់បានឲ្យដឹងថា ក្នុងនោះមានកម្លាំងនគរបាលស្រុកអូរជុំ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកអូរជុំ និងកម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើស្រុកអូរជុំ បានធ្វើការចុះបង្រ្គាបរថយន្តលួចដឹកជញ្ជូនឈើមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្លែរ អត់ស្លាកលេខ ផ្ទុកឈើប្រណីតចំនួន៨ កំណាត់ជាប្រភេទឈើកកោះ មុខកាត់២០គុណ២០ ប្រវែង១,២សង់ទីម៉ែត្រ ស្មើរនិង០,៥ម៉ែត្រគូប ។

ក្នុងពេលកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើប្រណីតខាងលើនោះ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ភ្លាមៗដែរ ។

រថយន្តនិងឈើត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបានរឹបអូសយកទៅប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរក្សាទុកនិងចាត់ការបន្តតាមច្បាប់ព្រៃឈើ ៕ ជីវ័ន្ត


ចែករំលែក៖