ភ្នំពេញ ៖ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ទើបកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាលខណ្ឌដង្កោ បានបើកប្រតិបត្តិការស្រាវជ្រាវ ករណីប្លន់សម្លាប់បុរសម្នាក់ យកម៉ូតូមួយគ្រឿង នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩កន្លងទៅ រហូតនៅវេលាម៉ោងជាង៩យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅទឹកដីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះថា ជនសង្ស័យទាំង៣នាក់ ដែលកម្លាំងជំនាញសហការគ្នា តាមបង្ក្រាបបាននេះរួមមាន ៖ ទី១ ឈ្មោះ អឿង ភាព ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ ណោម ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី៣ ឈ្មោះ ប៉ុក សុខនីភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត(ទទួលផលចោរកម្ម) ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន វត្ថុតាងដែលជារបស់ជនរងគ្រោះមានដូចជា ទូរសព្ទ័ដៃម៉ាក OPPO ពណ៌ខៀវមួយគ្រឿង, ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ សេរ៊ីឆ្នាំ២០១៥ ស្លាកលេខបាត់ដំបង1V-0526 ចំនួន១គ្រឿង។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ មែក ភីន អាយុ២៩ឆ្នាំ មុខរបរជាងកញ្ចក់ និងជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្តុំផ្សារជិនជូរីផ្លាហ្សា ខណ្ឌពោធិ៍សែនជ័យ ហើយមានស្រុកកំណើតនៅភូមិសំឃ្លី ឃុំព្រែកខ្លា ស្រុកកោះអណ្តាត ខេត្តតាកែវ ។
គួររំលឹកថា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយបុរសម្នាក់ ត្រូវបានក្រុមចោរច្របាច់ក សម្លាប់ ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចចម្រុះ ដែលចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មែក ភីន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ (ជាងកញ្ចក់ និង រត់ម៉ូតូឌុប) មានស្រុកកំណើត ភូមិសំភ្លី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ។
ក្នុងនោះនៅទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញ កាំភ្លើងជ័រចំនួន ០១ ដើម (ម៉ាករ៉ូឡូ), ស្បែកជើងចំនួន ០១ គូ , មួកសុវត្ថិភាពចំនួន ០១ ,កញ្ចក់ម៉ូតូចំនួន ០១ និងអាវយឺតពណ៍ទឹកក្រូចចំនួន ០១។ រីឯសម្ភារៈបាត់បង់ គឺម៉ូតូចំនួន ០១ គ្រឿង ម៉ាក HONDA C125 ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1V-0526 , ទូរស័ព្ទម៉ាក OPPO ចំនួន ០១ គ្រឿង និង កាបូបលុយ របស់ជនរងគ្រោះ ។
តាមសម្តីរបស់ប្អូនប្រុសជនរងគ្រោះឈ្មោះ មែក ភាព ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយជនរងគ្រោះ បាននិយាយថា នៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ គាត់បានខលទូរសព្ទទៅបងប្រុសរបស់គាត់ តែខលមិនចូលដោយខ្លាចបងប្រុសមានរឿង ព្រោះរាល់ដងម៉ោង៩យប់ គាត់តែងតែមកដល់ផ្ទះ តែថ្ងៃនេះមិនឃើញគាត់មកផ្ទះសោះ រួចខ្ញុំជាមួយមិត្តភក្តិក៏ចេញម៉ូតូដើររក តែរកមិនឃើញសោះរហូតដល់ម៉ោង៤ភ្លឺ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ទើបពួកខ្ញុំចូលដេកវិញលុះដល់ម៉ោង៨ និង៣០នាទី បងជីដូនមួយបានខលប្រាប់គាត់ថាបងប្រុសឯងស្លាប់ ហើយពេលលឺដំណឹងនេះភ្លាមគាត់ក៏ជិះម៉ូតូចេញពីផ្ទះ មកកន្លែងកើតហេតុខាងលើ ក៏ឃើញបងប្រុសគាត់ស្លាប់មែន ។
ក្នុងនោះ តាមការធ្វើកោសល្យវិច័យរបស់លោក ឧកញ្ញ៉ា វិជ្ជៈបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យតុលាការ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ ករណីឃាតកម្ម ពិតប្រាកដមែន ដោយជនសង្ស័យធ្វើសកម្មភាពច្របាច់កជនរងគ្រោះ រហូតដល់ស្លាប់យកម៉ូតូទៅបាត់ ។
ក្រោយធ្វើកោសល្យវិច័យរួច សពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕ ភារ៉ា ដង្កោ