ព័ត៌មានទាន់ហេតុការណ៍៖

ស៊ុយ បូណាវីន បានការពេញចិត្តកាន់តែខ្លាំងពីអ្នកគាំទ្រក្រោយគ្រងឈុតតំណាងជាតិ

ចែករំលែក៖

ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំការរចនា និងវិវឌ្ឍន៍របស់កញ្ញាឯកកម្ពុជាកាន់តែធ្វើឲ្យមហាជនពេញចិត្តខ្លាំងព្រោះតែ អ្នករៀបចំកម្មវិធីបានបើកឱកាសឲ្យអ្នកមានសម្រស់ស្រស់សោភារបស់កម្ពុជាចូលរួមប្រកួតកម្មវិធីសម្រស់នានាជាច្រើនដែលត្រូវបានធ្វើនៅជុំវិញពិភពលោក ។ កញ្ញា​ ​ស៊ុយ​ ​បូ​ណា​វីន​ ដែលនាងចូលរួមប្រកួតកម្មវិធី​«​Miss​ ​Cosmoworld​ ​2019​»​ ​បានធ្វើឲ្យគេពេញចិត្តកាន់តែខ្លាំងនិងសរសើរថាពិតជា​ស្រស់​ស្អាត​ប្លែក​ក្នុង​ឈុត​ប្រពៃណី​​តំណាង​ឱ្យ​កម្ពុជា​ ​ទៅ​ចូលរួមប្រកួត។

វគ្គ​ផ្តាច់​​ព្រ័ត្រនៃកម្មវិធីខាងលើ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ០១​ ​ខែវិច្ឆិកា​ ​ឆ្នាំ ២០១៩​ ​ខាងមុខនេះនៅប្រទេសម៉ាឡេស៊ី​ ​ហើយការប្រកួត​នេះ​មាន​បេក្ខនារី​​ជាង​ ​២០ ប្រទេស​ចូលរួម​ ​។​

ដោយឡែក​លោក​ ​គឹម​ ​សា​ម៉ុន​ ​អ្នក​ច្នៃ​ឈុត​តំណាង​ជាតិ​ឈ្មោះ​ ​«​ធីតា​កម្ពុជា​ក្រុង​ចតុមុខ​មង្គល​»​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​សម្រាប់​ឈុត​នេះ​ ​លោក​បាន​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ខែ​ ​ទម្រាំ​ច្នៃ​ចេញ​ជារូបរាង​បាន​ឈុត​នេះ​ ​គឺ​ស្ថិតនៅ​ក្រោយ​សម័យ​អង្គរ​ ​ខណៈ​ដែល​សម័យ​នោះ​​គឺ​វប្បធម៌​ ​និង ​អ​រិយ​ធម៌​ខ្មែរ​បាន​ភាព​ ​រីក​ចម្រើន​ខ្លាំង​ ​ហើ​យក្រោយៗ​មក​ទៀត​ ​ក៏​លោក​បាន​សិក្សា​​ច្របាច់​បញ្ចូល​គ្នា​ ​មាន​ក្បាច់​ ​ភ្ញីផ្កា​ ​ដាំ​ពេជ្រ​ ​និង​ ការរចនា​ឡើង​ជាច្រើន​ទៀត​ ​ដែល​លោក​បាន​រក​ឃើញ​ ​និង​ជា​គំនិត​ច្នៃប្រឌិត​របស់​លោក ​។​

កញ្ញា​ ​ស៊ុយ​ ​បូ​ណា​វីន​ ​បញ្ជាក់​ប្រាប់​ថា​ ​កញ្ញា​​សម្រេចចិត្ត​ជ្រើស​យក​ឈុត​តំណាង​ជាតិ​មួយ​​មានឈ្មោះ​​ ​«​ធីតា​កម្ពុជា​ក្រុង​ចតុមុខ​មង្គល​»​ ​ដើម្បី​បង្ហាញ​ដល់​អន្តរជាតិ​បាន​ស្គាល់​ពី​វប្បធម៌​ ​និង ​អ​រិ​យ​ធម៌​ ​សម្លៀកបំពាក់​ខ្មែរ​ ​ហើយ​ក្រៅ​ពី​ឈុត​នេះ​នាង​ក៏​នាំ​យក​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ទៅ​បង្ហាញ​ផង​ដែរ​ ។​ ​ក្រោយពី​ឃើញ​កញ្ញា​ ​ស៊ុយ​ ​បូ​ណា​វីន​ ​ក្នុង​ឈុត​តំណាង​ជាតិ​ដ៏​ស្រស់​ស្អាត​នេះ​ ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ក្នុង ​និង ​ក្រៅប្រទេស​ជាច្រើន​លាន់មាត់​សរសើរ​មិន​ដាច់​ពី​មាត់​ ​។​ ​ការរចនាសម្លៀកបំពាក់ស្រប់នឹងសម្រស់ស្រស់ប្លែកនឹងធ្វើឲ្យនាងលេចមុខមាត់ខ្លាំងលើឆាកអន្តរជាតិ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កញ្ញា​ ​ស៊ុយ​ ​បូ​ណា​វីន​ ​បាន​ឡើង​យន្តហោះ​ទៅ​ប្រទេស​ ​ម៉ាឡេស៊ី​ ​កាលពី​ថ្ងៃទី​ ​១៩​ ​ខែតុលា​ ​រួម​ជាមួយ​បេក្ខនារី​ម្នាក់ទៀត​គឺ​កញ្ញា​ ​ផៃ​ ​រ៉ា​វី​ ​។​ ​ទោះបីជា​លទ្ធផល​នៃ​ការប្រកួត​ជោគជ័យ​ឬមិន​ជោគជ័យ​ ​អ្នក​ទាំងពីរ​ប្តេជ្ញា​ចិត្ត​ខំប្រឹង​អស់ពី​សមត្ថភាព និងចូលរួមបង្ហាញអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិ​ ​៕​ ​ វឌ្ឍនា


ចែករំលែក៖