ខេត្តរតនគិរី៖ ស្ត្រីម្នាក់ត្រូវបានជនមិនស្គាល់មុខលួចចូលផ្ទះកាប់នឹងកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ ហើយបញ្ជូនទៅសម្រាកព្យាបាលនៅប្រទេសវៀតណាម ។
ហេតុការណ៍ជនមិនស្គាល់មុខចូលកាប់ស្រ្តីម្នាក់នោះ បានកើតឡើងនៅវេលាម៉ោង២១និង២០នាទី ថ្ងៃសៅរ៍ ៦ រោច ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខក្រុមហ៊ុនម្សៅមីជាទូចឌ្រេឌីង ស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ខណ:ស្ត្រីរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ក្នុងផ្ទះរបស់
ខ្លួនតែម្នាក់ឯង ស្រាប់តែមានជនល្មើសលួចចូលមកក្នុងផ្ទះមានកាន់កាំបិតមកកាប់ចំមុខបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ប្រភពបនតថា ជនល្មើសមានបំណង ធ្វើអំពើមនុស្សឃាត់មកលើជនរងគ្រោះនោះទៀតផង ។
ប្រភពបន្តថា ក្នុងពេលកើតហេតុ ជនរងគ្រោះក៏បានប្រតាយប្រតប់គ្នា ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ហើយជនល្មើស ក៏រត់គេចខ្លួនបាត់ភ្លាមៗ ។
ស្រ្តីជនរងគ្រោះឈ្មោះ ស៊ុំ សុធារ៉ា អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិចក ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ប្ដីជនរងគ្រោះឈ្មោះ សេង វណ្ណះ ហៅជាង ណាក់ មកស្នាក់នៅមុខក្រុមហ៊ុនម្ស៉ៅមីជាទូចឌ្រេឌីង ភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ក្រោយពេលកើតហេតុ កម្លាំងអធិការនគរបាលស្រុកអូរយ៉ាវ បានចុះទៅដល់ផ្ទះជនរងគ្រោះមុខក្រុមហ៊ុនខាងលើធ្វើអន្តរាគមន៍ និងហៅរថយន្តសង្រោះបន្ទាន់បញ្ជូនជនរងរបួសទៅកាន់មន្ទីរពេទ្យប្រទេសវៀតណាម
ហើយកម្លាំងនគរបាលស្រុកអូរយ៉ាដាវកំពុង ស្រាវជ្រាវកំណត់រកមុខសញ្ញាបន្ត និងតាមចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់៕ ជីវ័ន្ត