ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំការរចនា និងវិវឌ្ឍន៍របស់កញ្ញាឯកកម្ពុជាកាន់តែធ្វើឲ្យមហាជនពេញចិត្តខ្លាំងព្រោះតែ អ្នករៀបចំកម្មវិធីបានបើកឱកាសឲ្យអ្នកមានសម្រស់ស្រស់សោភារបស់កម្ពុជាចូលរួមប្រកួតកម្មវិធីសម្រស់នានាជាច្រើនដែលត្រូវបានធ្វើនៅជុំវិញពិភពលោក ។ កញ្ញា ស៊ុយ បូណាវីន ដែលនាងចូលរួមប្រកួតកម្មវិធី«Miss Cosmoworld 2019» បានធ្វើឲ្យគេពេញចិត្តកាន់តែខ្លាំងនិងសរសើរថាពិតជាស្រស់ស្អាតប្លែកក្នុងឈុតប្រពៃណីតំណាងឱ្យកម្ពុជា ទៅចូលរួមប្រកួត។
វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីខាងលើនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះនៅប្រទេសម៉ាឡេស៊ី ហើយការប្រកួតនេះមានបេក្ខនារីជាង ២០ ប្រទេសចូលរួម ។
ដោយឡែកលោក គឹម សាម៉ុន អ្នកច្នៃឈុតតំណាងជាតិឈ្មោះ «ធីតាកម្ពុជាក្រុងចតុមុខមង្គល» បានបញ្ជាក់ផងដែរថា សម្រាប់ឈុតនេះ លោកបានសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើនខែ ទម្រាំច្នៃចេញជារូបរាងបានឈុតនេះ គឺស្ថិតនៅក្រោយសម័យអង្គរ ខណៈដែលសម័យនោះគឺវប្បធម៌ និង អរិយធម៌ខ្មែរបានភាព រីកចម្រើនខ្លាំង ហើយក្រោយៗមកទៀត ក៏លោកបានសិក្សាច្របាច់បញ្ចូលគ្នា មានក្បាច់ ភ្ញីផ្កា ដាំពេជ្រ និង ការរចនាឡើងជាច្រើនទៀត ដែលលោកបានរកឃើញ និងជាគំនិតច្នៃប្រឌិតរបស់លោក ។
កញ្ញា ស៊ុយ បូណាវីន បញ្ជាក់ប្រាប់ថា កញ្ញាសម្រេចចិត្តជ្រើសយកឈុតតំណាងជាតិមួយមានឈ្មោះ «ធីតាកម្ពុជាក្រុងចតុមុខមង្គល» ដើម្បីបង្ហាញដល់អន្តរជាតិបានស្គាល់ពីវប្បធម៌ និង អរិយធម៌ សម្លៀកបំពាក់ខ្មែរ ហើយក្រៅពីឈុតនេះនាងក៏នាំយកក្បាច់គុនល្បុក្កតោខ្មែរទៅបង្ហាញផងដែរ ។ ក្រោយពីឃើញកញ្ញា ស៊ុយ បូណាវីន ក្នុងឈុតតំណាងជាតិដ៏ស្រស់ស្អាតនេះ បានធ្វើឱ្យទស្សនិកជនក្នុង និង ក្រៅប្រទេសជាច្រើនលាន់មាត់សរសើរមិនដាច់ពីមាត់ ។ ការរចនាសម្លៀកបំពាក់ស្រប់នឹងសម្រស់ស្រស់ប្លែកនឹងធ្វើឲ្យនាងលេចមុខមាត់ខ្លាំងលើឆាកអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា កញ្ញា ស៊ុយ បូណាវីន បានឡើងយន្តហោះទៅប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃទី ១៩ ខែតុលា រួមជាមួយបេក្ខនារីម្នាក់ទៀតគឺកញ្ញា ផៃ រ៉ាវី ។ ទោះបីជាលទ្ធផលនៃការប្រកួតជោគជ័យឬមិនជោគជ័យ អ្នកទាំងពីរប្តេជ្ញាចិត្តខំប្រឹងអស់ពីសមត្ថភាព និងចូលរួមបង្ហាញអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិ ៕ វឌ្ឍនា