ខេត្តស្ទឹងត្រែង៖ នៅយប់ថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ ខែតុលា ២០១៩ ក្បួនរថយន្តសាំយ៉ុងដឹកឈើគ្រឿងសង្ហារឹម និងឈើទ្វារបង្អួចពាក់កណ្តាលសម្រេច ហើយអាចបង្កប់ឈើប្រណីត និងឈើក្តារគ្រឿងផ្ទះ ក៏មាន ដើម្បីកេងចំណេញរួចថ្លៃរត់ការ បង់ឲ្យសមត្ថកិច្ចតាមដងផ្លូវ ទើបធ្វើឲ្យក្រុមក្បួនឈ្មួញដឹកជញ្ជូនឈើទាំងនេះ ទៅបានយ៉ាងរលូនដូចទឹកបាក់ទំនប់ ។
អ្វីដែលឲ្យហួសចិត្តទៅទៀតនោះ ចរាចរណ៍ដាក់ទប់ស្កាត់ និងត្រួតពិនិត្យគ្រប់រូបភាព ដែលគណ:បញ្ជាការឯកភាពខេត្ត ចេញបទបញ្ជាយ៉ាងក្តៅគគុកនោះ ដោយមានដាក់កម្លាំងសមត្ថកិច្ចចម្រុះដាក់តាមកោលដៅលើកំណាត់ផ្លូវជាតិ ទាំង៣គឺផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ និងផ្លូវជាតិលេខ៧៨ ដើម្បីទប់ស្កាត់បទល្មើសសូម្បីតែសត្វស្រមោចក៏ចេញមិនបាននោះដែរ ។
តែផ្ទុយទៅវិញសមត្ថកិច្ចចម្រុះតាមកោលដៅនិមួយៗ ដែលថ្នាក់លើបានប្រគល់ជូន មិនគោរពតាមបទបញ្ជាបែរជាសមត្ថកិច្ចទាំងនោះ ឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីបទល្មើសទៅវិញ បែរជាបណ្តែតបណ្តោយឲ្យបទល្មើសចរារចណ៍ឈើចេញបានយ៉ាងរលូន ដូចជាដឹកជញ្ជូនខុសច្បាប់ រថយន្តខុសតទ្រុង តទ្រុងខុសបច្ចេកទេស ដឹកសំពីង សំពោង ផ្ទុកលើសក្នុងការកំណត់របស់ច្បាប់ ថែមទាំងល្មើសនូវអ្វីដែលគណ:បញ្ជាការឯកភាពខេត្ត និងថ្នាក់លើរបស់ខ្លួនបានដាក់ចុះ ហើយក៏ធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានផ្សេងទៀតដាក់ការសង្ស័យថា ប្រហែលជាត្រូវរ៉ូវ និងឃុបឃិតគ្នាជាប្រព័ន្ធហើយមើលទៅ ទើបធ្វើឲ្យបទល្មើសទៅបានយ៉ាងរលូន ។
ជុំវិញរឿងនេះលោកអ៊ូត ស៉ីវុត្ថា ស្នងការរងនគរបាលខេត្តទទួលផែនចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ក្នុងការដឹកជញ្ជូនឥវាន់សំពីងសំពោង រថយន្តកែឆ្នៃខុសបច្ចេកទេស រួមទាំងឈើដឹកឆ្លងកាត់គ្មានលិខិតអនុញ្ញាត រួមទាំងតៃកុង និងព្រូផងដែរ ព្រោះលោកបានទទួលបញ្ជាពីលោកស្នងការខេត្ត និងលោកអភិបាលនៃគណ:អភិបាលខេត្តឲ្យដាក់កម្លាំងចម្រុះគ្រប់ជំនាញ ដូចជានគរបាលចរាចរណ៍ផ្លូវគោក នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីសហការគ្នា ព្រោះបទល្មើសតែងតែប្រើមធ្យោបាយគ្រប់រូបភាព ហើយក៏ដូចបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចុះ ។
លោកបន្តទៀតថា លោកបានកោះប្រជុំដល់មន្ត្រីក្រោមឨវាត ជាពិសេសមន្ត្រីនគរបាលចរាចរណ៍ តាមកោលដៅនិមួយៗត្រូវរឹតបន្តឹងនូវតួរនាទីខ្លួន មិនបណ្តែបណ្តោយឲ្យមានបទល្មើស និងតទៅទៀតនោះទេ ត្រូវតែអនុវត្តន៍ និងយោងតាមផែនការលេខ០២៩ របស់គណ:កម្មការថ្នាក់ជាតិ សុវត្ថិភាពផ្លូវគោក ដែលសម្តេចក្រឡាហោមជាប្រធាន លោកបានដាក់ផែនការយ៉ាងតឹងរឹងបំផុត ។
លោកបញ្ជាក់ទៀតថា ក្នុងការដាក់កម្លាំងចម្រុះគ្រប់ជំនាញនេះ ដើម្បីទប់ស្កាត់ត្រួតពិនិត្យ ទៅលើអ្នកប្រើប្រាស់ថ្នាំញៀន ត្រូវធ្វើតេទឹកនោម រកសារធាតុញៀនទៅតែកុង និងព្រូ រួមទាំងអ្នកសេពគ្រឿស្រវឹង ក្នុងការដឹកជញ្ជូនឈើខុសច្បាប់ ជាពិសេសរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកសំពីងសំពោង ហើយលោកក៏បានបង្ក្រាបបានជាបន្តបន្ទាប់ កសាងសំណុំរឿងបញ្ចូនទៅតុលាការផងដែរ
ដូចជាជនប្រព្រឹត្តិល្មើសច្បាប់ជាដើម ។
លោកបន្តថា លោក នឹងចុះឈរជើងតាមគោលដៅនិមួយៗ ដើម្បីត្រួតពិនិត្យ និងតាមដានមន្ត្រីដ្នាក់ក្រោម ឲ្យមានប្រសិទ្ធិភាពខ្ពស់ ហើយក៏មិនឲ្យមានបទល្មើសកើតមានបន្តទៅទៀតដែរ យោងទៅតាមប្រសាសន៍អគ្គស្នងការដ្ឋាននគរបាលជាតិ សន្តិបណ្ឌិតលោកក៏បានដាក់ផែនការលេខ០៣៥ គឺល្បាតចល័តបង្ក្រាបរាល់បទល្មើស គ្រប់រូបភាពបន្ថែមពីលើដាក់តាមគោលដៅ ហើយក្នុងនោះក៏មានកម្លាំងសហការ ពីមន្ទីសាធារណ:ការ និងដឹកជញ្ជូនខេត្ត ចល័ត១០ថ្ងៃម្តង ក្នុងការត្រួតពិនិត្យទៅលើរថយន្តកែឆ្នៃខុសបច្ចេកទេសផងដែរ ៕ មាស សុផាត