ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ ម៉ូតូ២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង ឯមនុស្សក្មេងចាស់៥នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្បែរស្ពាកកំពង់ទួល តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពបុរសរងគ្រោះមានឈ្មោះ សុ វិនដា អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិតាកុច ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកមនុស្ស៥នាក់ដែលរងរបួសធ្ងន់ស្រាល មិនបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសម្នាក់ (ភាគីសពរងគ្រោះ)បានជិះម៉ូតូមួយគ្រឿងម៉ាក សេកូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បានឌុបប្រពន្ធនិងកូនតូចម្នាក់អាយុប្រហែល៥ឆ្នាំ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរស៣នាក់ រួមដំណើរជាមួយគ្នាដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J-9864 បានជិះបញ្ច្រាស់គ្នាក្នុងល្បឿនយ៉ាងលឿន ហើយបានបុកជាមួយម៉ូតូសង់កូរ៉េ ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូសង់កូរ៉េ ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯប្រពន្ធ និងកូនតូចរងរបួសធ្ងន់ស្រាល ចំណែកភាគីម្ខាងទៀតដែលមានគ្នា៣នាក់ក៏រងរបួសធ្ងង់ស្រាលផងដែរ ។

ក្រោយកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗ ។ ចំណែកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូទាំង២គ្រឿង សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖