ព័ត៌មានទាន់ហេតុការណ៍៖

ជាប់គុកត្រឹម១២ថ្ងៃប៉ុណ្ណោះ​ ត្រូវដោះលែងវិញ បុរសជនជាតិឥណ្ឌាដែលលួចផលិតឱសថមិនត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៥​ ខែតុលា​ នេះ​ លោក ថាន់ ឡេង ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសបុរសជនជាតិឥណ្ឌាម្នាក់ឈ្មោះ Goyal Kartik (រ៉ូយ៉ា បាទិក) អាយុ៥២ឆ្នាំ ដាក់ពន្ធនាគារកំណត់៨ខែ ប៉ុន្តែអនុវត្តទោសត្រឹម ១២ថ្ងៃប៉ុណ្ណោះ ក្រោមបទចោទ លួចផលិតឱសថមិនត្រឹមត្រូវតាមមាត្រា៥៩ នៃច្បាប់ស្ដីពីស្តង់ដារកម្ពុជា និងបញ្ញត្តិមាត្រា១០ច្បាប់ស្តីពីការគ្រប់គ្រងឧឱសថ​ ។

បុរសឥណ្ឌារូបនេះត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ក្រោយធ្វើកាស្រាវជ្រាវ ដោយរកឃើញទីតាំងចំនួន ២កន្លែង កំពុងលួចលាក់ផលិតឱសថ មិនត្រឹមត្រូវតាមច្បាប់របស់កម្ពុជា។

ជនត្រូវចោទឈ្មោះ រ៉ូយ៉ា បាទិ មុនត្រូវចាប់ខ្លួនមានមុខរបរជាម្ចាស់សហគ្រាសផលិតឱសថ ទីតាំងស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន និងទីតាំងមួយទៀត ស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសខណ្ឌ កំបូលផ្លូវជាតិ លេខ៤។

ឆ្លើយទៅកាន់តុលាការជនសង្ស័យ ឈ្មោះ Goyal Kartik (រ៉ូយ៉ា បាទិក) នៅតែ អះអាងថា ឱសថដែលសហគ្រាសរបស់ខ្លួនផលិតនេះ គឺគោរពតាម លក្ខណៈបច្ចេកទេស ជាឱសថត្រឹមត្រូវតាមស្តង់ដារ​ ហើយផ្ទុយពីការចោទប្រកាន់ទាំងស្រុង​ ៕ ចេស្តា

 


ចែករំលែក៖