ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការចម្រុះ ក្រុមការងារគ្រប់គ្រងប្រព័ន្ធលូ អូរប្រឡាយ អាងប្រប្រិត្តកម្ម ចុះស្តាររំដោះអូរធម្មជាតិមួយខ្សែដែលរងការរំលោភដោយការចាក់ដីលុបយកធ្វើជាកម្មសិទ្ធិ

ចែករំលែក៖

ភ្នំពេញ៖ លោក ជួប សីហា តំណាងឲ្យលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីទទួលបានការណែនាំ និងចង្អុលបង្ហាញពីលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ជាប្រធានគណៈកម្មការគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ អាងចម្រោះ ប្រប្រិត្តកម្ម ក៍ដូចជាការណែនាំផ្ទាល់របស់លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ដែលបានដាក់ចេញផែនការយ៉ាងហ្មត់ចត់គ្រប់គ្រងលើប្រព័ន្ធលូ អូរ ប្រឡាយ និងអាងចម្រោះប្រប្រិត្តកម្មដើម្បីធានាបានអំពីបរិស្ថាន ក្នុងការ ការពារ ករណីទន្ទ្រានចូលកាន់កាប់ដោយចាក់ដីលុបយកអូរធម្មជាតិរបស់ម្ចាស់ក្បាលដីនៅជាប់អូរយកធ្វើជាកម្មសិទ្ធ និងដើម្បីបញ្ជៀសការកកស្ទះពេលមានជំនន់ទឹកភ្លៀងនារដូវវស្សាបណ្តាលឲ្យមានការជន់លិចដល់លំនៅដ្ឋានប្រជាពលរដ្ឋដូចរដូវវស្សាកន្លងមកនេះ ។

លោកបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានការណែនាំខាងលើ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្រុមគណៈកម្មការ រដ្ឋបាលសាលាខេត្ត សហការណ៍ជាមួយរដ្ឋបាលសាលាក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ កងកម្លាំងប្រជាការពារ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បាននាំយកគ្រឿងចក្រ អេស្ការវ៉ាទ័រមួយគ្រឿងមកកាយអូរធម្មជាតិមួយខ្សែមានប្រវែងប្រមាណជា២០០ម៉ែត្រស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ដែលកន្លងមកត្រូវបានអ្នកសំបូរប្រាក់ចាក់ដីលុបបំណងយកទៅធ្វើជាកម្មសិទ្ធិ ខណៈហាងឆេងដីធ្លីនៅខេត្តព្រះសីហនុងើបឡើងខ្ពស់ ។

លោកជួប សីហាបានបញ្ជាក់ឲ្យដឹងទៀតថា តាមគំនូសបង្ហាញប្លង់( P V) របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីអូរធម្មជាតិខាងលើ មានទទឹង១០ម៉ែត្រតភ្ជាប់ជាមួយអូរធម្មជាតិមួយខ្សែទៀតចុះមកពីវត្តឥន្ទញាណ ឆ្លងកាត់វិថីឯករាជ្យត្រង់ចំណុចអតីត អណ្តូងអ៊ុនតាក់ រួចបន្តហូរធ្លាក់ទៅព្រែកទឹកសាប មុនធ្លាក់ចូលទៅក្នុសមុទ្រ ។

ស្រាប់តែនៅពេលកន្លងមកនេះ ត្រូវបានចាក់ដីលុបយកទៅធ្វើជាកម្មសិទ្ធឯកជនទៅវិញ ទើបកម្លាំងគណៈកម្មការខាងលើយកគ្រឿងចក្រមកកាយស្តារអូរខាងលើឡើងវិញដើម្បីបញ្ចៀសការកកស្ទះទឹកជំនន់លិចលង់ក្នុងរដូវវស្សាឆ្នាំក្រោយទៀត ។

លោកបានគូសបញ្ជាក់ជាចុងក្រោយថា ប្រសិនបើមានការតវ៉ារឹងរុះពីម្ចាស់ដែលជាអ្នកចាក់ដីរំលោភយកអូរខាងលើនេះ ម្ចាស់ទីតាំងអាចប្រឈមទៅ និងផ្លូវច្បាប់ថែមទៀតផងពីបទរំលោភចូលកាន់កាប់យកអចលនៈវត្ថុរបស់រដ្ឋ ។

សកម្មភាពរៀបចំការកសាងអភិវឌ្ឍន៍វិថីនានានៅក្នុងខេត្ត ការ កាយស្តារពង្រីកអូរ ប្រឡាយ ដាក់ប្រព័ន្ធលូ អាងប្រប្រិត្តកម្ម មកទល់ពេលនេះរដ្ឋបាលសាលាខេត្ត រដ្ឋសាលាក្រុងព្រះសីហនុ បាន និងកំពុងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ឲ្យបានឆាប់រហ័ស ដើម្បីបម្រើឲ្យវិស័យទេសចរ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖