ចាប់តាំងពីប្រធានាធិបតី ហ្វីលីពីនអនុវត្ត សង្គ្រាមប្រឆាំងគ្រឿងញៀន មានមនុស្សជាច្រើន ត្រូវបានគេបាញ់សម្លាប់បំបិទមាត់។ ក្នុងចំណោមអ្នកស្លាប់ មានអភិបាលក្រុងដល់ទៅ១៣នាក់ហើយ រួមទាំងអភិបាលក្រុមម្នាក់ ត្រូវក្រុមខ្មាន់កាំភ្លើងស្ទាក់បាញ់ទាំងកណ្តាលថ្ងៃ ។
លោក David Navarro អភិបាលក្រុង Clarin ប្រទេសហ្វីលីពីន ត្រូវក្រុមខ្មាន់ កាំភ្លើងបាញ់សម្លាប់នៅនឹងកន្លែង ចំណែក៥នាក់ទៀត រងរបួសកាលពីល្ងាចថ្ងៃទី២៥ ខែតុលា ។
សារព័ត៌មាន RT បានផ្សាយថា ហេតុការណ៍បាញ់ប្រហារកើតឡើង នៅពេលដែលរថយន្ត របស់លោក Navarro ត្រូវបានរថយន្តប៉ូលិសអមការពារ ឆ្ពោះទៅកាន់ តុលាការនៅទីក្រុង Cebu ក្រោមការចោទប្រកាន់ពីបទ រំលោភបំពានទៅលើបបុគ្គលិក ម៉ាស្សាម្នាក់។ នៅក្នុងរថយន្តប៉ូលិស លោក David Navarroបានពាក់អាវការពារគ្រាប់ និងមានក្បួនរថយន្តការពារផងដែរ តែមិនអាចទប់ស្កាត់ ការបាញ់ប្រហារធ្វើឃាតលោកនោះឡើយ។
លោក David Navarro គឺជាអភិបាលក្រុងទី១៣ហើយ ដែលរងការធ្វើឃាត នៅក្នុងប្រទេសហ្វីលីពីនចាប់តាំងពីឆ្នាំ២០១៦មកទល់ពេលនេះ។ ស្នងការប៉ូលិសទីក្រុង Cebu លោក Eduardo Sanchez បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានខ្មាន់កាំភ្លើង ១០នាក់ ជិះនៅលើរថយន្ត ពណ៌ស ស្ទាក់ក្បួនរថយន្តរបស់លោក David Navarro ហើយបើកការបាញ់ប្រហារតែម្តង ។ខ្មាន់កាំភ្លើងបានដាក់គំនាប់បង្ខំឲ្យប៉ូលិសការពារ មិនអាចតដៃនោះឡើយ ដោយក្រាបចុះដីទាំងអស់ ហើយ អូស លោក Navarro ចេញពីរថយន្តបាញ់សម្លាប់តែម្តង។
ប្អូនស្រីបង្កើនរបស់អភិបាលក្រុងខាងលើ ដែលជាអ្នកឃើញហេតុការផ្ទាល់ភ្នែក តែមិនអាចជួយបងប្រុសខ្លួនឯង បានលើកឡើងថា «តើមានយុត្តិធម៌ទេ? ខ្ញុំចង់ឲ្យមានយុត្តិធម៌នៅក្នុងសង្គមនេះ»។ អភិបាលក្រុង David Navarro ស្ថិតនៅក្នុងបញ្ជីឈ្មោះ សង្ស័យជាប់ពាក់ព័ន្ធ ការជួញដូរគ្រឿងញៀន របស់រដ្ឋាភិបាលហ្វីលីពីន៕