ព័ត៌មានទាន់ហេតុការណ៍៖

ទៀតហើយ! បាញ់សម្លាប់អភិបាលក្រុង សង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ចាប់តាំងពីប្រធានាធិបតី ហ្វីលីពីនអនុវត្ត សង្គ្រាមប្រឆាំងគ្រឿងញៀន មានមនុស្សជា​ច្រើន ត្រូវបានគេបាញ់សម្លាប់បំបិទមាត់។ ក្នុងចំណោមអ្នកស្លាប់ មានអភិ​បាលក្រុងដល់​ទៅ​១៣នាក់ហើយ រួមទាំងអភិបាលក្រុមម្នាក់ ត្រូវក្រុមខ្មាន់​កាំភ្លើងស្ទាក់បាញ់ទាំងកណ្តាលថ្ងៃ ។

​លោក​ David Navarro ​អភិបាលក្រុង  Clarin ​ប្រទេសហ្វីលីពីន ត្រូវក្រុមខ្មាន់ កាំភ្លើងបាញ់សម្លាប់​​នៅនឹងកន្លែង ចំណែក​៥នាក់ទៀត រងរបួស​កាលពីល្ងាចថ្ងៃទី​២៥ ខែតុលា ។

សារព័ត៌មាន​ RT ​បានផ្សាយថា ​ ហេតុការណ៍បាញ់ប្រហារកើតឡើង នៅពេលដែលរថយន្ត របស់លោក​ Navarro ​ត្រូវបានរថយន្តប៉ូលិសអមការពារ​​ ឆ្ពោះទៅកាន់​ តុលាការ​នៅទីក្រុង​ Cebu  ក្រោមការចោទប្រកាន់ពីបទ ​រំលោភបំពានទៅលើបបុគ្គលិក ម៉ាស្សាម្នាក់។ នៅក្នុងរថយន្តប៉ូលិស​ លោក David Navarro​បានពាក់អាវការពារគ្រាប់ និងមានក្បួនរថយន្តការពារផងដែរ តែមិនអាចទប់ស្កាត់ ការបាញ់ប្រហារ​ធ្វើឃាតលោកនោះឡើយ។

លោក​ David Navarro គឺជាអភិបាលក្រុងទី​១៣ហើយ ដែលរងការធ្វើឃាត នៅក្នុងប្រទេស​ហ្វីលីពីនចាប់តាំងពីឆ្នាំ​២០១​៦មក​ទល់ពេលនេះ។ ស្នងការប៉ូលិសទីក្រុង​ Cebu ​ លោក​ Eduardo Sanchez ​បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានខ្មាន់កាំភ្លើង ១០នាក់​ ជិះនៅលើរថយន្ត ពណ៌ស ស្ទាក់ក្បួនរថយន្តរបស់លោក​ David Navarro ហើយបើក​ការបាញ់ប្រហារតែម្តង ។ខ្មាន់កាំភ្លើង​បានដាក់គំនាប់បង្ខំឲ្យប៉ូលិសការពារ មិនអាចតដៃនោះឡើយ​ ដោយក្រាបចុះដីទាំងអស់ ហើយ អូស លោក​ Navarro ​ចេញពីរថយន្ត​​បាញ់សម្លាប់តែម្តង។

ប្អូនស្រីបង្កើនរបស់អភិបាលក្រុងខាងលើ​ ដែលជាអ្នកឃើញហេតុការផ្ទាល់ភ្នែក តែមិនអាចជួយបងប្រុសខ្លួនឯង បានលើកឡើងថា «តើមានយុត្តិធម៌ទេ? ខ្ញុំចង់ឲ្យមានយុត្តិធម៌នៅក្នុងសង្គមនេះ»។ អភិបាលក្រុង​ David Navarro ស្ថិតនៅក្នុងបញ្ជីឈ្មោះ​ សង្ស័យជាប់ពាក់ព័ន្ធ ការជួញដូរគ្រឿងញៀន របស់រដ្ឋាភិបាលហ្វីលីពីន​៕


ចែករំលែក៖