ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ

ចែករំលែក៖

ភ្នំពេញ: បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើស្ថានភាពអាកាសធាតុជាប្រចាំទាំងក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ៖ សម្ពាធទាបសកម្ម (Active Low Pressure) មួយ បាន និងកំពុងធ្វើដំណើរចូលមកដល់សមុទ្រចិនខាងត្បូង ។ តាមការព្យាករសម្ពាធទាបសកម្មនេះ នឹងវិវត្តខ្លួនជាលំដាប់ទៅជាកូនព្យុះ (Tropical Storm) ទី ២២ ដែលអាចមានឈ្មោះថា ម៉ាត់ម៉ូ (MATMO) ។ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩ កូនព្យុះនេះ នឹងធ្វើដំណើរទៅដល់ភាគខាងត្បូងវៀតណាម ហើយនឹងបន្ថយឥទ្ធិពលរបស់វាទៅជាសម្ពាធទាបសកម្ម (Active Low) វិញ នៅពេលធ្វើដំណើរកាត់លើភាគខាងត្បូងកម្ពុជា នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។
យោងតាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ មានស្ថានភាពដូចខាងក្រោម ៖
១- បណ្តារាជធានី ខេត្ត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងនោះតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត បរិមាណពីបង្គួរទៅច្រើន ។
២- បណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពី មធ្យមទៅបង្គួរ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្តខ្ពស់ ចំពោះគ្រោះថ្នាក់នានាដែលបង្កដោយបាតុភូតធាតុអាកាសនេះ ។

ថ្ងៃ ខែ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
រាជធានីភ្នំពេញ, ថ្ងៃទី ខែ ឆ្នាំ ២០១៩

រដ្ឋមន្ត្រី

លឹម គានហោ


ចែករំលែក៖