ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក: មេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ

ចែករំលែក៖

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថាលោក ចាន់ ឃន នាយរងសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋនិងបក្ខពួក៣ទៅ៤នាក់បានធ្វើសកម្មភាពជំរិតទារលុយពីម្ចាស់រថយន្តដឹកឈើពីដេប៉ូមួយកន្លែងចំនួន៥០០ដុល្លារដើម្បីជាថ្នូរនឹងការមិនចាប់ឃាត់។

ប្រភពបានឲ្យដឹងទៀតថា មុនកើតហេតុម្ចាស់រថយន្តដឹកឈើបានដឹកឈើចេញពីដេប៉ូក្នុងស្រុកសំរោងទង ទៅលក់បន្តនៅស្រុកបសេដ្ឋ ដោយបើកបរតាមផ្លូវជាតិលេខ៤ ឆ្លងទៅផ្លូវជាតិលេខ៤១។ ពេលនោះស្រាប់តែលោក ចាន់ ឃន នាយរងសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ ក្រោមបញ្ជាពីលោក សួរ គឹមស្រ៊ាង នាយសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ ឃាត់ម្ចាស់រថយន្តដឹកឈើឲ្យបង្ហាញឯកសារ ហើយលោក ចាន់ ឃន តម្រូវឲ្យបង់លុយ៥០០ដុល្លារទើបអនុញ្ញាតឲ្យរថយន្តបន្តដំណើរទៅមុខទៀត។

បើតាមប្រភពដែលស្និទ្ធនឹងលោក សួរ គឹមស្រ៊ាង នាយសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ ក៏ដូចជាលោក ចាន់ ឃន នាយរងសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ បានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើ២នាក់នេះ ព្រមទាំងបក្ខពួកគិតតែពីរឿងប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក សួរ គឹមស្រ៊ាង និងលោក ចាន់ ឃន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ក៏ដូចជាលោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ផងដែរ។ ហេតុនេះហើយទើបលោក សួរ គឹមស្រ៊ាង និងលោក ចាន់ ឃន តែងចាប់ឃាត់ប្រជាពលរដ្ឋដែលដឹកឈើបន្តិចបន្តួច ក៏ដូចជាដឹកអុស ដឹកបង្គោលរបង ដឹកឈើដុល ជំរិតយកលុយតាមអំពើចិត្ត ហើយពួកគេមិនហ៊ានប៉ះពាល់ឈ្មួញដែលដឹកជញ្ជូនឈើតាមរថយន្តធំៗយ៉ាងពេញបន្ទុកនោះឡើយ។

ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា លោក សួរ គឹមស្រ៊ាង និងលោក ចាន់ ឃន ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ ព្រោះពួកគេអាងមានលោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ និងលោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ដែលគិតតែពីរឿងប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។ តាមការកត់សម្គាល់របស់ប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញមួយចំនួនដែលដឹកជញ្ជូនឈើតាមរថយន្តធំៗឆ្លងកាត់ស្រុកបសេដ្ឋ មិនដែលឃើញលោក សួរ គឹមស្រ៊ាង និងលោក ចាន់ ឃន ចាត់វិធានការបង្ក្រាបតាមច្បាប់នោះទេ ហើយមានតែជួយសម្រួលឲ្យឈ្មួញទាំងនោះដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងសុខស្រួល។ ចំណែកប្រជាពលរដ្ឋដែលដឹកឈើចេញពីដេប៉ូក្នុងស្រុកបសេដ្ឋ ទៅលក់បន្តនៅក្នុងមូលដ្ឋានឬប្រជាពលរដ្ឋដឹកអុស ដឹកបង្គោលរបង ដឹកឈើដុលបន្តិចបន្តួចឆ្លងកាត់ស្រុកបសេដ្ឋ តែងតែប្រឈមនឹងការគាបសង្កត់យកលុយយ៉ាងកំរោលពីសំណាក់លោក សួរ គឹមស្រ៊ាង និងលោក ចាន់ ឃន ដែលធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន៕

 


ចែករំលែក៖