ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ​ត្រូវ​គាំង​បេះ​ស្លាប់ ក្នុងសណ្ឋាគារ​(G 11)ក្រោយប្រើប្រាស់គ្រឿងញៀនហួសកម្រិត

ចែករំលែក៖

ភ្នំពេញ ​៖ កម្លាំងសមត្ថកិច្ចចម្រុះ បានបង្កើតគណៈកម្មការចុះត្រួតពិនិត្យទីតាំងសណ្ឋាគារមួយកន្លែងយីហោ​(G 11)ខណៈដែលបុរស​ជនជាតិ​អង់គ្លេស​ម្នាក់ បានប្រើប្រាស់គ្រឿងញៀនហួសកម្រិត រហូត​គាំង​បេះ​ស្លាប់ នៅក្នុង​បន្ទប់​​បង្ក​ជា​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​២៦​ ខែ​តុលា ​ឆ្នាំ​២០១៩​ នៅ​ចំណុច​សណ្ឋាគារ​(G 11) បន្ទប់​លេខ​១២៧ ជាន់​ទី​១ ផ្ទះ​លេខ​១១ ផ្លូវ​លេខ​១៨៤ ក្រុម​៣៩ ភូមិ​៩ សង្កាត់​ជ័យ​ជំ​នៈ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

សាកសពជនបរទេស​​នោះ​ឈ្មោះ​PHILLIP IAN OLIVER ជនជាតិ​អង់គ្លេស (ENGLAND) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ ទេស​ចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​៥១៣៨៩១៣៣៣ ​ស្នាក់នៅ​បណ្ដុះ​អាសន្ន​សណ្ឋាគារ​កើតហេតុ​ ។​

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលជំនាញខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយពី​សភាពការណ៍​កើតឡើង​កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍ ​បាន​ចុះ​ដល់ និង​គ្រប់​គ្រង​កន្លែងកើតហេតុ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ត្រ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី ផែនការ​ងារ​អន្តោ​ប្រវេសន៍ និង​លោកគ្រូ​ពេទ្យ​កោសល្យវិច័យ​រាជធានី ដើម្បី​បង្កើត គណៈកម្មការ​ធ្វើការ​ត្រួត​ពិនិត្យ​កោសល្យវិច័យ​សព ។

ក្រោយប្រតិបត្តិការត្រួតពិនិត្យរួច ជា​លទ្ធផលរបស់លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ​នង សុវណ្ណ​រ័ត្ន និង​ ការិយាល័យ ជំនាញ​បច្ចេកទេស​បាន​បញ្ជាក់​ថា សព​ស្លាប់​ដោយសារ​គាំងបេះដូង (​បណ្ដា​យមក​ពី​ប្រើប្រាស់​ធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន និង​ម៉ក់​ហ្វី​ន​)​។​

ដោយឡែក​នៅ​កន្លែងកើតហេតុ​មាន​សម្ភារៈ​សព​បន្សល់ទុករួមមាន ៖ លិខិតឆ្លងដែន​ចំនួន​០១​ក្បាល លេខ​៥១៣៨៩១៣៣៣ ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​នាឡិកាដៃ​ម៉ាក​រ៉ូ​លិ​ក​(Rolex) ០១​គ្រឿង ខ្សែក​ធ្វើ​ពី​ជ័រ​ចំនួន​០១ ​ខ្សែ​កាត​ធនាគារ​(ATM) ​ចំនួន​០១​សន្លឹក និង​កាបូបស្ពាយ​ចំនួន​០១ ​និង​ខោអាវ​មួយចំនួន​បានប្រគល់ឲ្យ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រក្សាទុក​។​

បច្ចុប្បន្ន​សមត្ថកិច្ចជំនាញ​បច្ចេកទេស​បាន​ដឹក​សាកសព​យកទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ ៕ ស រស្មី


ចែករំលែក៖